ប្រទេសប៉េរូ៖ មន្ត្រីនគរបាលប្រទេសប៉េរូ បានចាប់ខ្លួនក្រុមឧក្រិដ្ឋជនជួញដូរមនុស្ស នៅក្នុងរដ្ឋធានីលីម៉ាចាប់ឃាត់ខ្លួនជនសង្ស័យចំនួន ៨ នាក់ និងចោទប្រកាន់ថាជាសមាជិកនៃសមាគមឧក្រិដ្ឋជនជួញដូរមនុស្ស ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters  នៅថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៣។

ក្នុងនោះដែរ កម្លាំងសមត្ថកិច្ចបានជួយសង្គ្រោះពលរដ្ឋអាស៊ីចំនួន ៤៤ នាក់ ជនរងគ្រោះភាគច្រើនជាជនជាតិម៉ាឡេស៊ី ត្រូវគេបង្ខំឱ្យធ្វើការនៅក្នុងមជ្ឈមណ្ឌលទំនាក់ទំនងទូរសព្ទសម្រាប់ធ្វើសកម្មភាពប្រព្រឹត្តបទឆបោក ហើយល្មួងជនរងគ្រោះពីបរទេសទៅកាន់ប្រទេសប៉េរូដោយប្រើប្រាស់ព័ត៌មានក្លែងក្លាយ ។

បន្ថែមពីនេះ អាជ្ញាធរប៉េរូ បានបង្ហាញថា នៅក្នុងចំណោមជនរងគ្រោះ រួមមានស្ត្រី ២៦ នាក់និងបុរស ១៧ នាក់មកពីប្រទេសម៉ាឡេស៊ី ដោយមន្ត្រីទទួលបានសេចក្តីរាយការណ៍ថា ម្នាក់ក្នុងចំណោមជនរងគ្រោះ បានបាត់ខ្លួននៅក្នុងប្រទេសប៉េរូ ហើយក៏មានស្ត្រីម្នាក់មកពីតៃវ៉ាន់ផងដែរ ទទួលបានការជួយសង្គ្រោះអំឡុងប្រតិបត្តិការ ។

គួរបញ្ជាក់ថា សមត្ថកិច្ចប៉េរូ បានរៀបចំប្រតិបត្តិការតាមចាប់ក្រុមជួញដូរមនុស្ស ស្ថិតនៅឯលំនៅដ្ឋានកម្ពស់បីជាន់ដែលជនរងគ្រោះកំពុងស្នាក់នៅក្នុងទីក្រុងលីម៉ា មានរបងអគ្គិសនី ចម្រឹងនៅតាមបង្អួច និងមានទ្វារចាក់សោរជាដើមនោះ ដើម្បីការពារជនរងគ្រោះពីការរត់គេចខ្លួន ហើយករណីនេះបានបែកធ្លាយ នៅពេលជនរងគ្រោះពីរនាក់ ដែលមានឱកាសរត់គេចខ្លួន បានសម្រេចរាយការណ៍ពីបទឧក្រិដ្ឋទៅកាន់មន្ត្រីប៉េរូ ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ