ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប នាថ្ងៃទី២៤ កក្កដានេះ បានប្រកាសឲ្យដឹងថា នាម៉ោង១៧៖៥០នាទី ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចខ្លោងទ្វារទន្លេអុំ ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប មានភ្លៀងលាយឡំនឹងខ្យល់ កន្ត្រាក់ បណ្តាលឱ្យរលំដើមឈើមួយដើម សង្កត់រូបចម្លាក់មួយចំនួន និងប្រជាពលរដ្ឋឆ្លងកាត់ទីតាំងចំនួន៤នាក់ ក្នុងនោះស្លាប់ម្នាក់ ។ 

បើតាមសេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងទៀតថា ក្រោយទទួលបានព័ត៌មានពីឧបទ្ទវហេតុគ្រោះធម្មជាតិនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដឹកនាំដោយលោក ប្រាក់ សោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងអាជ្ញាធរជាតិអប្សរា បានដឹកនាំកម្លាំងចុះពិនិត្យ និងសង្គ្រោះអ្នករងរបួស។

ជាលទ្ធផលឃើញថា ដើមឈើមួយដើមនៅទន្លេអុំ ដែលបានដួលរលំសង្កត់រូបចម្លាក់ទាញព្រ័ត្រ និង សង្កត់លើរ៉ឺម៉កម៉ូតូបង្កគ្រោះថ្នាក់ដល់អ្នកដំណើរជាជនខ្មែរចំនួន០៤នាក់ បណ្តាលឱ្យស្លាប់មនុស្ស ចំនួនម្នាក់ ភេទប្រុស ដែលជាអ្នកបើកបរ និងរបួសចំនួន៣នាក់ (ស្រាល២ ធ្ងន់ម្នាក់) ដែល ជិះរ៉ឺម៉ក។ បច្ចុប្បន្នជនរងគ្រោះបានជួយសង្គ្រោះ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ 

គណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្ត និងអាជ្ញាធរជាតិអប្សរា បានកាត់ដើមឈើរចេញ ដើម្បីបញ្ចៀសចរាចរ នៅកន្លែង កើតហេតុរួចរាល់ទាំងស្រុងនៅវេលាម៉ោង២០៖៣០នាទី ថ្ងៃខែឆ្នាំដដែល។

ជាមួយគ្នានោះដែរក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរ ជាតិអប្សរា ក៏បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះគ្រួសារសព និងចូលរួមសោកស្តាយចំពោះបងប្អូន ប្រជាពលរដ្ឋ ដែលបានរងរបួសនៅក្នុងឧបទ្ទវហេតុគ្រោះធម្មជាតិនេះ ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ