ភ្នំពេញ៖លោក យ៉ង សាំង កុមារ ថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យមូលដ្ឋានដែលជាអ្នកជំនាញផ្នែកវិស័យកសិកម្ម បានប្រកាសចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា និង ស្នើសុំបម្រើការងារជាមួយរាជរដ្ឋាភិបាល ដើម្បីមានឱកាសចូលរួមអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។

ចំពោះសំណើរនេះនៅមិនទាន់បានការឆ្លើយតបពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅឡើយទេ។

លិខិតស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជារបស់លោក យ៉ង សាំង កុមារ ត្រូវបានទម្លាយជាសាធារណៈ។ក្នុងលិខិតនោះលោកបណ្ឌិត យ៉ង សាំង កុមារ បានគូសបញ្ជាក់ថា លោកមានគោលនយោបាយលើកកម្ពស់ជីវភាពកសិករប្រកបដោយវិធានការជាក់ស្តែង ដូចជាគោលនយោបាយផលិតពូជស្រូវសម្រាប់លក់ចែកជូនប្រជាពលរដ្ឋក្នុងតម្លៃសមរម្យ គោលនយោបាយបាយកាត់បន្ថយថ្លៃដើមផលិត គោលនយោបាយបង្កើនទុនដល់ធានាគារអភិវឌ្ឍកសិកម្ម និង ជនបទ ព្រមទាំងគោលនយោបាយដោះស្រាយបញ្ហាទីផ្សារកសិផលជាដើម។

សូមបញ្ជាក់ថា លោក យ៉ង សាំង កុមារ គឺជាអ្នកជំនាញកសិកម្មមួយរូប ដែលបានបញ្ចប់ការសិក្សាពីប្រទេសអាល្លឺម៉ង់។លោកតែងចូលរួមបញ្ចេញទស្សនៈនានាលើវិស័យកសិកម្ម ហើយលោកផ្ទាល់ក៏មានបង្កើតសមាគមចែករំលែកចំណេះជំនាញ និង អភិវឌ្ឍន៍លើវិស័យកសិកម្មនេះផងដែរ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ