សម្តេច ទៀ បាញ់ ណែនាំដល់កងទ័ពត្រូវប្រឹងប្រែងហ្វឹកហាត់ប្រើយុទ្ធោបករណ៍ទំនើបៗ ដើម្បីឱ្យមានប្រសិទ្ធភាពខ្ពស់
កំពង់ឆ្នាំង ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានណែនាំដល់កងទ័ពត្រូវប្រឹងប្រែងហ្វឹកហាត់ ប្រើប្រាស់យុទ្ធោបករណ៍ទំនើបៗ ដើម្បីប្រើឱ្យមានប្រសិទ្ធភាព ក្នុងកិច្ចការងារការពារជាតិ។
ការណែនាំបែបនេះរបស់ សម្តេច ទៀ បាញ់ បានធ្វើឡើងក្នុងឱកាស ដែលសម្តេចរួមជាមួយលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា អញ្ជើញជាអធិបតីភាពប្រគល់រថយន្ត និងសម្ភារយោធា ដែលជាជំនួយឥតសំណងរបស់ក្រសួងការពារប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន ដល់ក្រសួងការពារជាតិ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំរីករាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ។
សម្តេច ទៀ បាញ់ បានថ្លែងថា «ខ្ញុំចង់បញ្ជាក់ដល់នាយទាហានទាំងអស់ នៅគ្រប់កងឯកភាពឱ្យយកចិត្តទុកដាក់ ក្នុងហ្វឹកហ្វឺន រៀនសូត្រ ឈានទៅដល់ការប្រើប្រាស់ឱ្យមានប្រសិទ្ធភាព ឱ្យឆ្លើយតបទៅនឹងតម្រូវការរបស់យើង នៅពេលប្រើប្រាស់ឱ្យបានដោយស្ទាត់ជំនាញ កិច្ចការងារនេះមិនងាយស្រួល និងសាមញ្ញនោះទេ ចាំបាច់ត្រូវតែយកចិត្តទុកដាក់»។
ជាមួយគ្នានេះដែរ សម្តេច ទៀ បាញ់ បានបន្ដថា សម្រាប់កិច្ចការងារប្រើប្រាស់យុទ្ធោបករណ៍ទំនើបៗ គឺមិនមែនជារឿងងាយស្រួលនោះទេ ដូច្នេះនាយទាហាន ពលទាហាននៅគ្រប់កងឯកភាពទាំងអស់ ត្រូវតែខិតខំយកចិត្តទុកដាក់ ឱ្យបានច្បាស់លាស់ ចំពោះលទ្ធភាពនៃការប្រើប្រាស់។
សម្ដេច បានគូសបញ្ជាក់ថា «យើងត្រូវតែយកចិត្តទុកដាក់មែនទែន មិនមែនយកចិត្តទុកដាក់ស្ទើរៗបានជាដាច់ខាត ត្រូវរៀនឱ្យបានចេះស្ទាត់ ទើបសម្ភារដែលជាកម្លាំងជំនួយទាំងនេះ វាមានប្រសិទ្ធភាព សម្រាប់ពេលយើងប្រើប្រាស់ យើងត្រូវរៀនឱ្យចេះប្រើប្រាស់បច្ចេកទេសទំនើបៗនាពេលបច្ចុប្បន្ននេះ»៕EB