សៀមរាប ៖គណៈកម្មការតម្រង់ទិសសម្រាប់ការសាងសង់ អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ ដែលដឹកនាំដោយលោក តឹករ៉េត សំរេច រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មការ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំប្រចាំត្រីមាសទី១ ឆ្នាំ២០២៣ និងការចុះពិនិត្យការដ្ឋានសាងសង់ នៅទីតាំងគម្រោងដោយមានការចូលរួមពីលោក លោកស្រី ជាអនុប្រធាននិងសមាជិកគណៈកម្មការ។


គិតត្រឹមដំណាច់ខែមីនានេះ គម្រោងអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរថ្មី សម្រេចបាន ៩០% តាមផែនការដែលបានគ្រោងទុក ហើយត្រៀមដាក់ឱ្យធ្វើតេស្តសាកល្បង នៅខែឧសភាខាងមុខ សំដៅសម្រេចឱ្យបានការដាក់ដំណើរការជាផ្លូវការ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ខាងមុខ។

សមិទ្ធផលដែលសម្រេចបាននាពេលនេះ កើតឡើងពីការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនអនុវត្តគម្រោង ដោយមានការយកចិត្តទុកដាក់ និងជួយជ្រោមជ្រែងពីគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេសការតម្រង់ទិស និងសម្របសម្រួលពីគណៈកម្មការដោយផ្ទាល់។ ទិសដៅបន្ត គឺជាដំណាក់កាលចាប់ផ្តើមអនុវត្តផែនការប្រតិបត្តិការ ដែលក្រុមហ៊ុនអនុវត្តគម្រោង និងក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវសហការរួមចំណែកធានាសម្រេច ឱ្យបានតាមផែនការ។


សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានចាប់ផ្តើមសាងសង់កាលពីខែមីនា ឆ្នាំ២០២០ ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.,Ltd (AIAI) ក្រោមទុនវិនិយោគប្រមាណជិត១ពាន់លានដុល្លារ។ អាកាសយានដ្ឋានអន្តរជាតិនេះ បាននិងកំពុងដំណើរការសាងសង់លើផ្ទៃដីប្រមាណជា ៧០០ហិកតា ស្ថិតនៅក្នុងភូមិក្រៀលពង ឃុំពពេល និងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលមានចម្ងាយប្រមាណ ៥០គីឡូម៉ែត្រ ពីទីប្រជុំជនក្រុងសៀមរាប និងចម្ងាយ ៤០គីឡូម៉ែត្រ ពីរមណីយដ្ឋានអង្គរ ដែលចម្ងាយនេះមិនធ្វើឱ្យប៉ះពាល់ ដល់តំបន់ការពារបេតិកភណ្ឌនោះទេ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ