សម្ដេច ស ខេង ៖ រាជរដ្ឋាភិបាលកម្ពុជា នឹងត្រៀមខ្លួនបន្តពង្រឹងកិច្ចសហការរវាង កម្ពុជា-ជប៉ុនឱ្យកាន់តែរឹងមាំ
ភ្នំពេញ ៖ សម្ដេចក្រឡាហោម នាយករដ្ឋមន្ដ្រីស្ដីទី នៃរាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងថា ស្ថាប័ន និងមន្ដ្រីគ្រប់ផ្នែក នៃរាជរដ្ឋាភិបាលកម្ពុជា នឹងត្រៀមខ្លួនបន្តពង្រឹងកិច្ចសហការរវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន ឱ្យកាន់តែរឹងមាំបន្ថែមទៀត។
នាឱកាសអនុញ្ញាតឱ្យលោក MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា ចូលជួបជម្រាបលា នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណចំពោះលោកទូត បានបំពេញបេសកម្មការងារនៅកម្ពុជាបានយ៉ាងល្អប្រសើរចាប់តាំងពីឆ្នាំ២០១៩មក ហើយបានចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន មានដូចជា ការជួយជ្រោមជ្រែងដល់ការអភិវឌ្ឍន៍ដល់ប្រទេសកម្ពុជាជាដើម។
ជាមួយគ្នានេះដែរ សម្ដេចក្រឡាហោម ស ខេង បានវាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូតរបស់លោក នៅកម្ពុជា ដែលថ្មីៗនេះលោក បានចូលរួមចំណែកក្នុងព្រឹត្តិការណ៍សំខាន់ៗជាច្រើននៅកម្ពុជា រួមមាន៖ ព្រឹត្តិការណ៍វិបត្តិកូវីដ-១៩ និងកិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
សម្ដេចក្រឡាហោម បានគូសបញ្ជាក់ថា ក្នុងអំឡុងវិបត្តិកូវីដ-១៩ ជប៉ុនបានជួយកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងវិបត្តិកូវីដ-១៩នេះ តាមរយៈការផ្តល់ជំនួយមនុស្សធម៌ផ្សេងៗជាច្រើន។ ដោយឡែក ចំពោះការរៀបចំកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជានោះ ជប៉ុន ក៏បានជួយជាសម្ភារដល់កម្លាំងនគរបាលជាតិកម្ពុជា ក្នុងការការពារសុវត្ថិភាព និងសន្តិសុខ ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះឱ្យប្រព្រឹត្តប្រកបទៅដោយភាពជោគជ័យខ្ពស់។
ឆ្លៀតឱកាសនោះ លោក MIKAMI Masahiro បានសម្តែងក្តីសង្ឃឹមថា ចំពោះព្រឹត្តិការណ៍ស៊ីហ្គេម នឹងការបោះឆ្នោត នាឆ្នាំ២០២៣ របស់កម្ពុជា នៅពេលខាងមុខ នឹងទទួលបានជោគជ័យខ្ពស់ផងដែរ៕EB