ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងប្រកាសថា គណបក្សប្រជាជនកម្ពុជា បានលេខរៀង១៨ សម្រាប់ប្រកួតប្រជែង ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ក្នុងខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ គឺជាលេខហុងស៊ុយល្អ ហើយងាយស្រួលចំណាំផងដែរ។


នាឱកាសអញ្ជើញសម្ពោធអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតក្នុងបរិវេណ វត្ត ស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ដ្រ នាពេលខាងមុខនេះ អ្វីដែលសំខាន់នោះ គឺអាស្រ័យទៅលើប្រជាពលរដ្ឋជ្រើសររើសដោយខ្លួនឯង ក្នុងការគូសសន្លឹកឆ្នោត ដែលខ្លួនពេញចិត្ត។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា «ឥឡូវបានលេខ ១៨ សម្ដេចសង្ឃទៅចាប់ឆ្នោតស្រាប់ហើយ មិនមែនចាប់បានលេខ១ ឬលេខ២ អីទេ គឺចាប់ចំលេខ១៨ ហើយលេខ១៨ បូក១ ចេញ៩ ហុងស៊ុយ។ ស្រួលរកណាស់ ប្រាប់គ្នាថាលេខ១៨ហ្នឹង នៅខាងស្ដាំដៃ នៅចុងក្រោយគេ កន្លែងនឹងហើយ ទេវតាបាតផ្កា ស្រួលរកណាស់»។


សូមរំលឹកថា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ គណបក្សប្រជាជនកម្ពុជា បានទទួលលេខរៀងទី១៨ សម្រាប់ប្រកួតប្រជែង ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ក្នុងខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។ ការចាប់ឆ្នោតកំណត់លំដាប់លេខរៀងគណបក្សនេះ ត្រូវបានរៀបចំដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្រោមព្រះវត្តមានសម្តេចសង្ឃរាជទាំងពីរគណៈ ព្រមទាំងមានការចូលរួមពី សំណាក់តំណាងគណបក្សនយោបាយទាំង១៨ ដែលបានចុះបញ្ជីនៅ គ.ជ.ប រួចរាល់៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ