កងកម្លាំងនគរបាលជិត ៣ពាន់នាក់ ចូលរួមការពារសន្តិសុខ ក្នុងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅកម្ពុជា
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ថា ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានត្រៀមកម្លាំងជាង២,៨០០នាក់ សម្រាប់ចូលរួមជាមួយកម្លាំងអាជ្ញាធរ អាវុធហត្ថ និងយោធា ការពារសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយ នៃការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។
លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ទាក់ទងទៅនឹងផែនការពារការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញ ក្រោមការបញ្ជាក់ផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់ចេញនូវផែនការច្បាស់លាស់ដោយប្រើប្រាស់កម្លាំងសរុបប្រហែល ២,៨០០នាក់»។
អ្នកនាំពាក្យរូបនេះ បានឱ្យដឹងថា សម្រាប់ផែនការនេះ គឺត្រូវបានបែងចែកតួនាទី ភារកិច្ច ទៅតាមជំនាញ ព្រមទាំងកម្លាំងពាក់ព័ន្ធនានា ដើម្បីទទួលខុសត្រូវតាមអ្វីដែលបានកំណត់រៀងៗខ្លួន។
លោកបានថ្លែងថា ក្រៅពីកម្លាំងជំនាញជាង២ពាន់នាក់នេះ ក៏មានត្រៀមរួចជាស្រេចកម្លាំងអន្តរាគមន៍របស់ខណ្ឌ ព្រមទាំងកម្លាំងអន្តរាគមន៍ពិសេស ដើម្បីត្រៀមចេញអន្តរាគមន៍នៅពេលមានបាតុភាពផ្សេងៗ កើតឡើង។ បន្ថែមពីនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានកម្លាំងបង្ការ និងពន្លត់អគ្គិភ័យ។
លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា បានគូសបញ្ជាក់ថា ក្រៅពីការងារស្នូលខាងលើនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានរៀបចំកម្លាំងរៀបចំសណ្តាប់ធ្នាប់ និងចរាចរណ៍ ដើម្បីរៀបចំចរាចរណ៍ឱ្យបានរៀបរយ នៅថ្ងៃបើក និងថ្ងៃបិទការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម។ សម្រាប់ការងារចរាចរណ៍នេះ ជាកិច្ចការងារដែលត្រូវទទួួលដ៏សំខាន់ ដើម្បីបញ្ចៀសការកក់ស្ទុះនៅជុំវិញការប្រកួត និងស្តារមរតកតេជោ ជាដើម។
បន្ថែមពីនេះ លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា បានបន្តថា សម្រាប់ផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២នេះ កម្លាំងដែលបានរៀបចំនៅតាមទីតាំងការប្រកួត, ទីតាំងស្នាក់នៅ, តាមតម្លាយផ្លូវ ព្រមទាំងនៅតាមរមណីយដ្ឋាន និងកន្លែងកម្សាន្តនានា ដែលគណៈប្រតិភូ ក៏ដូជាអត្តពលិក ដែលមានបំណងទៅទស្សនា និងចូលរួមនៅតាមទីកន្លែងកម្សាន្តនានា៕EB