ភ្នំពេញ៖ កម្ពុជាបាន បញ្ជូនរថយន្តចំនួន១៤គ្រឿង ជាប្រភេទរថយន្តរថពាសដែក និងសម្ភារប្រើប្រាស់ចំនួន៥កុងទឺន័រ សម្រាប់បំពេញបន្ថែមលើ រថយន្ត និងសម្ភារដែលមានស្រាប់ សម្រាប់កងអនុសេនាធំកម្ទេចគ្រាប់មិនទាន់ផ្ទុះ ក្នុងបេសកកម្មសង្គការសហប្រជាជាតិ នៅសាធារណរដ្ឋម៉ាលី។

លោក អ៊ុច បូររិទ្ធ បានថ្លែងថា រថយន្ត និងសម្ភារដាក់ក្នុងទូរកុងទឺន័រ គឺដឹកបញ្ជូនទៅកាន់កំពង់ផែរអន្តរជាតិក្រុងព្រះសីហនុ ហើយនឹងបញ្ជូនបន្តតាមនាវា ទៅកាន់សាធារណរដ្ឋម៉ាលី នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ ជាមួយគ្នារថយន្ត និងសម្ភារទាំងអស់នឹងទៅដល់គោលដៅ នាពាក់កណ្តាលខែសីហា ឆ្នាំ២០២៣នេះផងដែរ។ លោក អ៊ុច បូររិទ្ធ បានបញ្ជាក់ថា ចំពោះរថយន្តរថពាសដែក និងសម្ភារទាំងអស់នេះ គឺសម្រាប់បំពេញបន្ថែម ទៅលើរថយន្ត និងសម្ភារ ដែលមានស្រាប់កំពុងបម្រើការងារបេសកកម្ម។


លោក សែម សុវណ្ណនី អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានឱ្យដឹងថា រថយន្តរថពាសដែកទាំង១៤គ្រឿង គឺមានចំនួន៤គ្រឿង បម្រើការងារជារថយន្តពេទ្យ ដែលបានបំពាក់សម្ភារបរិក្ខាវេជ្ជសាស្ត្រគ្រប់គ្រាន់ទាំងអស់ ចំណែករថយន្តរថពាសដែកចំនួន១០គ្រឿងទៀត គឺសម្រាប់ដឹកកម្លាំងចុះប្រតិបត្តិការបេសកកម្ម។ ការដែលបញ្ជូន រថយន្ត ប្រភេទរថពាសដែកនេះទៅកាន់តំបន់បេសកកម្មនៅសាធារណរដ្ឋម៉ាលី ដោយសារនៅទីនោះ មានក្រុមឧទ្ទាម តែងពួនស្ទាក់ដាក់ បង្កៃគ្រាប់កែច្នៃ ឬគ្រាប់មីននៅតាមដងផ្លូវធ្វើដំណើរ។


សូមបញ្ជាក់ថា កងកម្លាំងកម្ពុជាមានចំនួនជាង៣០០នាក់ ចែកចេញជា២កងអនុសេនាធំ គឺកងកម្ទេចគ្រាប់មិនទាន់ផ្ទុះ និងកងកម្លាំងវិស្វកម្មព្រលានយន្តហោះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ