ភ្នំពេញ ៖ គណៈកម្មាធិការគណបក្សប្រជាជនខេត្តត្បូងឃ្មុំ តំណាងដោយ លោក សេង ជ័យវុធ អនុប្រធានក្រុមការងារយុវជនគណបក្សខេត្តត្បូងឃ្មុំ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣នេះ បានដាក់ពាក្យប្តឹង លោក គង់ គាំ ឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន ពីបទញុះញង់ បង្កឱ្យមានភាពវឹកវរ ដោយទាមទារឱ្យផ្តន្ទាទោសតាមច្បាប់ និងសំណងជំងឺចិត្ត៥០ម៉ឺនដុល្លារ។

ការដាក់ពាក្យប្តឹងនេះ បានធ្វើឡើងបន្ទាប់ពី លោក គង់ គាំ ថ្លែងក្នុងវេទិកាសាធារណៈ កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ នៅខេត្តត្បូងឃ្មុំ ដែលធ្វើឱ្យប៉ះពាល់ដល់ គណបក្សប្រជាជនកម្ពុជា។


តំណាងគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ បានលើកឡើងថា «ចំពោះសម្ដីរបស់ឈ្មោះ គង់ គាំ ពិតជាបានឆ្លុះបញ្ចាំអំពីចេតនាទុច្ចរិត ក្នុងគោលបំណង ញុះញង់ បង្កឲ្យមានភាពវឹកវរ ចលាចល អសន្តិសុខសង្គម ដែលជាការបំពានលើ មាត្រា ៦-ថ្មី (ពីរ) នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយ និងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ, មាត្រា៤២ នៃច្បាប់ស្តីពីគណបក្សនយោបាយ, មាត្រា៤៩៤ មាត្រា ៤៩៥ និងមាត្រា៤៩៦ នៃក្រមព្រហ្មទណ្ឌ»។

ជុំវិញករណីនេះ តំណាងគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ បានសំណូមពរចំពោះ ព្រះរាជអាជ្ញា ដូចជា៖ សុំឲ្យពិនិត្យ សម្រេចចោទប្រកាន់ និងផ្តន្ទាទោសឲ្យបានធ្ងន់ធ្ងរបំផុត លើឈ្មោះ គង់ គាំ តាម បញ្ញតិនៃក្រមព្រហ្មទណ្ឌ។ បង្គាប់ឲ្យឈ្មោះ គង់ គាំ បង់សំណងជំងឺចិត្តចំនួន USD ៥០០.០០០ (ប្រាំរយពាន់ដុល្លារ សហរដ្ឋអាមេរិក) ឲ្យទៅគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ