សម្ដេចតេជោ ហ៊ុន សែន មិនទទួលយកការសុំទោសពីលោក សុន ឆ័យ បន្ទាប់ពីចោទប្រកាន់គណបក្សប្រជាជនកម្ពុជាថា លួចសន្លឹកឆ្នោត
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសមិនទទួលយកការសំទោសពី លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន បន្ទាប់ពីចោទប្រកាន់គណបក្សប្រជាជនកម្ពុជាថា «លួចសន្លឹកឆ្នោត» ក្រោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥។
សម្ដេចតេជោ ហ៊ុន សែន លើកឡើងបែបនេះតាមរយៈសារឆ្លើយឆ្លងជាមួយ លោក សយ សុភាព រឿង «ស៊ុន ឆ័យ ចងសូមទោស»។
តាមរយៈសារតេឡេក្រាមរបស់ សម្ដេចតេជោ ហ៊ុន សែន នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានបញ្ជាក់ថា «យើងមិនទទួលយកការសុំទោសនោះឡើយ។ យើងចង់បញ្ចប់វប្បធម៍លាបពណ៍ និងការប្រមាថ។ យើងទទួលយកមិនបាននូវការចោទប្រកាន់ថា យើងជាអ្នកលួចសន្លឹកឆ្នោត»។
សម្ដេចតេជោ បន្ដថា «យើងធ្លាប់បានគេសុំទោសច្រើនដង ហើយតែរឿងច្រំដែលនៅតែកើតឡើងទើបយើងចង់បញ្ចប់ វប្បធម៍រឿងដដែលហើយសូមទោសតាមផ្លូវតុលាការដើម្បីឲ្យមនុស្យអាក្រក់វារាងចាល។ ភាព ខ្លួនឯងបានដឹងច្បាស់ហើយតើ សម រង្ស៊ី ធ្លាប់បានសូមទោសខ្ញុំ តែទីបំផុតវាកើតដដែល។ អ្នកគាំទ្រវាគឺដូចគ្នាដែលយើង ត្រូវតែប្រើផ្លូវច្បាប់ ដើម្បីបញ្ចប់រឿងច្រំដែលនេះ»៕EB