ក្រសួងធនធានទឹក ៖ចាប់ពីថ្ងៃទី១៤-២០ ខែធ្នូ,អាកាសធាតុចាប់ផ្តើមចុះត្រជាក់ នៅបណ្តាខេត្តបន្ទាយមានជ័យ ប៉ៃលិន សៀមរាប និង់ខេត្តបាត់ដំបង
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹង បញ្ជាក់ពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៤ - ២០ ខែធ្នូ ឆ្នាំ២០២២។
ក្រសួងបញ្ជាក់ថា ក្នុងមួយសបា្តហ៍ខាងមុខ កម្ពុជានឹងទទួលរងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសាន្តក្នុងកម្រិតពីបង្គួរទៅខ្លាំងនៅតំបន់ទំនាបកណ្តាល អាចចុះត្រជាក់ក្នុងរង្វង់ពី១៦-១៩ °C នៅបណ្តាខេត្តមួយចំនួន៖ ខេត្តបន្ទាយមានជ័យ ប៉ៃលិន សៀមរាប និង់ខេត្តបាត់ដំបង។
ក្នុងនោះ តំបន់ខ្ពង់រាបសីតុណ្ហភាពអប្បបរមា នឹងអាចចុះត្រជាក់ក្នុងរង្វង់ពី ១៦-១៨ °C នៅបណ្តាខេត្តមួយចំនួន៖ ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ។ដោយឡែកតំបន់មាត់សមុទ្រសីតុណ្ហភាពអប្បបរមា នឹងអាចចុះត្រជាក់ក្នុងរង្វង់ពី ១៨-២០°C។ នៅលើផ្ទៃសមុទ្រ អាចមានរលកក្នុងកម្រិតពីមធ្យមទៅបង្គួរ។
ក្រសួងអំពាវនាវដល់សាធារណជន ជាពិសេសប្រជាពលរដ្ឋ និង វីរៈកងទ័ពដែលរស់នៅនិងឈរជើងនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាពឦសាន្ត ព្រមទាំងប្រជានេសាទ សូមបង្កើនការយកចិត្តទុកដាក់ថែរក្សាសុខភាព ចំពោះស្ថានភាពចុះត្រជាក់នេះ៕