(ហ្សឺណេវ)៖ អង្គការសុខភាពពិភពលោកហៅកាត់ថាWHO បានអនុញ្ញាតឱ្យប្រើប្រាស់បន្ទាន់ នូវវ៉ាក់សាំងការពារវីរុសកូវីដ-១៩ប្រភេទCoronaVacរបស់ក្រុមហ៊ុនSinovacរបស់ចិន នៅថ្ងៃទី១ខែមិថុនាឆ្នាំ២០២១ បន្ទាប់ពីរកឃើញថាវាមានសុវត្ថិភាព ប្រសិទ្ធភាពនិងធានាពីគុណភាព។ CoronaVacបានក្លាយជាវ៉ាក់សាំងទី២របស់ចិន បន្ទាប់ពីវ៉ាក់សាំងSinopharm ដែលទទួលបានការអនុញ្ញាតឱ្យប្រើប្រាស់បន្ទាន់ ពីអង្គការសុខភាពពិភពលោក កាលពីខែឧសភាឆ្នាំ២០២១។
ទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា «អង្គការសុខភាពពិភពលោក(WHO)នៅថ្ងៃនេះ បានសម្រេចទទួលស្គាល់សុពលភាព នៃវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Sinovac សម្រាប់ការប្រើប្រាស់បន្ទាន់ ដែលនេះវានឹងផ្តល់ឲ្យបណ្តាប្រទេស និងអ្នកផ្តល់ហិរញ្ញប្បទាន ក៏ដូចជាភ្នាក់ងារបញ្ជាទិញនានាអាចធានាបានថា វ៉ាក់សាំងមួយនេះបានបំពេញតាមស្តង់ដាអង្តរជាតិ»។
ការចុះបញ្ជីរបស់ WHO នេះទៀតសោត គឺជាការទទួលស្គាល់ពីសុវត្ថិភាព និងប្រសិទ្ធភាពរបស់វ៉ាក់សាំងចិន Sinovac ក៏ដូចជាការអនុញ្ញាតឱ្យដាក់បញ្ចូលវ៉ាក់សាំងចិនមួយនេះ ទៅក្នុងកម្មវិធីចែកចាយវ៉ាក់សាំងសកល សម្រាប់ចែកជួនដល់ប្រទេសក្រីក្រនៅជុំវិញពិភពលោក ដែលហៅកាត់ថា Covax។
សូមបញ្ជាក់ថា វ៉ាក់សាំងស៊ីណូវ៉ាក់ ត្រូវបានផលិតដោយក្រុមហ៊ុន Sinovac Biotect Ltd. នៅប្រទេសចិន។ យ៉ាងហោចណាស់ ប្រទេសចំនួន ១៩ នៅទូទាំងពិភពលោក បាននិងកំពុងប្រើប្រាស់វ៉ាក់សាំងស៊ីណូវ៉ាក់នេះ។នៅក្នុងឯកសាររបស់ក្រុមហ៊ុនស៊ីណូវ៉ាក់បានបញ្ជាក់ថា ប្រសិទ្ធភាពគឺស្រដៀងវ៉ាក់សាំងដទៃដែរ គឺចន្លោះពី ៧០ ទៅ ៨០ ភាគរយ ហើយក្រោយពីចាក់ដូសទី ២ ហើយ ៕SP