ឥណ្ឌូណេស៊ី៖ ដោយយោងតាមភូគព្ភសាស្រ្តសហរដ្ឋអាម៉េរិកបានរាយការណ៍ឱ្យដឹងថា មានការរញ្ជួយដីកំរិតញ័រប្រមាណជា ៧.៦ តាមរង្វាស់រិចទ័រនៅបាតមហាសមុទ្រនៅក្នុងប្រទេសឥណ្ឌូណេស៊ី និងជ្រោយប្រទេសទីម័រខាងកើតនៅព្រឹកព្រលឹមថ្ងៃអង្គារ ទី១០ ខែមករា ឆ្នំា២០២៣នេះ។
ចំណុចទីតំាងនៃការញ័ររញ្ជួយនេះបានកើតមានឡើងក្នុងរង្វង់ចម្ងាយប្រមាណជា ៤២៧គីឡូម៉ែត្រភាគទក្សិណនៃកោះអាមប៊ុនរបស់ប្រទេសឥណ្ឌូណេស៊ីក្នុងជម្រៅប្រមាណជា ៩៥គីឡូម៉ែត្រ។
ដោយឡែកទីភ្នាក់ងារភូមិជីវសាស្រ្ត បរិយាកាសសាស្រ្ត និងឧតុនិយមសាស្រ្តរបស់ប្រទេសឥណ្ឌូណេស៊ីឬហៅកាត់ថា(BMKG)បានរាយការណ៍ឱ្យដឹងបន្ថែមទៀតថា នៅក្នុងវិមាត្រនៃតំបន់ញ័ររញ្ជួយនោះ ត្រង់ចំណុចខ្លះមានកំរិតត្រឹមតែ៥.៥តាមរង្វាស់រិចទ័រតែប៉ុណ្ណោះ។
ទីភ្នាក់ងារដដែលបានលើកឡើងថា ការញ័ររង្គើបានអូសបន្លាយដល់ទៅតំបន់ប្រជុំកោះមានដូចជា ម៉ាលូគូ និងកោះទីម័រ រួមទំាងខេត្ត ប៉ាពួរជាដើម។ រហូតមកទល់នឹងពេលនេះ ពុំទាន់ឃើញមានសេចក្តីរាយការណ៍លំអិតអំពីទំហំនៃការខូចខាតរួមទំាងជនរងគ្រោះនៅឡើយទេ។ស្ថិតនៅក្នុងបរិការណ៍នេះដែរទីភ្នាក់ងារភូគព្ភសាស្រ្តថ្នាក់ជាតិរបស់ឥណ្ឌូណេស៊ីបានចេញសេចក្តីព្រមានជាបឋមអំពីលទ្ធភាពអាចនឹងមានរលកយក្សស៊ូណាមិ ប៉ុន្តែបន្តិចក្រោយមកក៏បានដកសេចក្តីប្រកាសព្រមាននោះចេញវិញ។
គួររំលឹកផងដែរថា កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នំា២០២២ មានការរញ្ជួយដីម្តងដែរ កាលណោះប៉ះមកលើខេត្តជ្វាភាគខាងលិចនិងមកលើកោះជ្វាសម្លាប់មនុស្សអស់៦០២នាក់។ដោយឡែកកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នំា២០០៤កន្លងទៅប្រទេសនេះក៏ធ្លាប់មានការរញ្ជួយទ្រង់ទ្រាយធំដែរបង្កឱ្យមានរលកយក្សស៊ូណាមិ សម្រាប់មនុស្សអស់២៣ម៉ឺននាក់ ហើយពេលនោះដែរបង្កឱ្យញ័ររង្គើដល់ប្រទេសស្រីលង្កា ប្រទេសថៃ និងប្រទេសឥណ្ឌាជាដើម៕