ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី នៃរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវដល់ថ្នាក់ដឹកនាំព្រះពុទ្ធសាសនាទាំងអស់ មេត្តាបន្តការប្រកាន់ខ្ជាប់នូវការ យោគយល់គ្នា គោរពគ្នាតាមឋានានុក្រម សំដៅធ្វើឱ្យមានការឯកភាព សាមគ្គីភាព ក្នុងស្ថាប័នព្រះពុទ្ធសាសនា។

នាឱកាសអញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃ ទូទាំងប្រទេសលើកទី៣០ ប្រចាំឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង បានថ្លែងថា «ថ្នាក់ដឹកនាំព្រះពុទ្ធសាសនាទាំងអស់ មេត្តាបន្តការប្រកាន់ខ្ជាប់នូវការ យោគយល់គ្នា គោរពគ្នាតាមឋានានុក្រម សំដៅធ្វើឱ្យមានការឯកភាព សាមគ្គីភាព ក្នុងស្ថាប័នព្រះពុទ្ធសាសនា និងសូមព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គបន្តយកព្រះទ័យទុកដាក់ស្វាធ្យាយរៀនសូត្រព្រះធម៌វិន័យ និងប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួនសមជាស្រែបុណ្យ សម្រាប់ជាទីសក្ការៈរបស់ពុទ្ធបរិស័ទ និងបានសំណូមពរពុទ្ធសាសនិកទាំងអស់ មេត្តារួមគ្នាប្រតិបត្តិតាមព្រះពុទ្ធោវាទឱ្យបានខ្ជាប់ខ្ជួនតាមតួនាទី និងភារកិច្ចរបស់ខ្លួន ជាព្រះសង្ឃ ឬជាគ្រហស្ថ ឧបាសក ឧបាសិកា ដើម្បីទ្រទ្រង់ ថែរក្សាព្រះពុទ្ធសាសនាឱ្យបានរីកចម្រើនសក្តិសមជាសាសនារបស់រដ្ឋ»។

សម្ដេចក្រឡាហោម បានបន្តថា កម្ពុជាបានផ្តល់តម្លៃខ្ពស់លើការអភិវឌ្ឍវិស័យសាសនា ដែលក្នុងនោះមានការគោរពសេរីភាពខាងជំនឿ និងសាសនា ការលើកស្ទួយ ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងគាំទ្រការគោរពប្រតិបត្តិសាសនាដទៃទៀត ដើម្បីសាមគ្គីភាព និងសុខដុមរមនានៃសង្គមជាតិ ក្នុងនោះរាជរដ្ឋាភិបាល បន្ត លើកទឹកចិត្តធ្វើឱ្យវត្តអារាម និងវិហារសាសនាផ្សេងៗទៀត ជាមជ្ឈមណ្ឌលអប់រំ ប្រជាពលរដ្ឋទូទៅ ឲ្យមានស្មារតី និងទឹកចិត្តប្រកបដោយធម៌ មិនប្រកាន់អំពើហិង្សា មិនរើសអើងពណ៌សម្បុរ មានស្មារតីសាមគ្គី រាប់អានគ្នាយ៉ាងទូលំទូលាយក្នុងសង្គម មានសកម្មភាពយ៉ាងសកម្មចូលរួមអភិរក្ស និងអភិវឌ្ឍន៍សង្គមជាតិ លើគ្រប់វិស័យ។

សម្ដេច នាយករដ្ឋមន្ត្រីស្ដីទី បានកោតសរសើរ ក្រសួងធម្មការ និងសាសនា និងគណៈសង្ឃទាំងពីរគណៈ ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ ដែលបានសហការគ្នាយ៉ាងសកម្មក្នុងការទ្រទ្រង់វិស័យព្រះពុទ្ធសាសនាឱ្យមានការរីកចម្រើន ស្របទៅនឹងការវិវឌ្ឍន៍ របស់សង្គមជាតិនាពេលបច្ចុប្បន្ន និងបានបន្ថែមថា«ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ មានក្តីរីករាយ ដោយបានឃើញនូវកម្លាំងមហាសាមគ្គីធម៌របស់ព្រះសង្ឃទាំងពីរគណៈ និងពុទ្ធសាសនិក ក្រោមព្រះរាជកិច្ចដឹកនាំរបស់សម្តេចព្រះមហាសង្ឃរាជ និងសម្តេច ព្រះសង្ឃនាយកទាំងពីរគណៈ នៃព្រះរាជាណាចក្រកម្ពុជា»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ