ស្ថានភាពទឹកជំនន់ទឹកភ្លៀង ក្នុងខេត្តពោធិ៍សាត់ គិតត្រឹមថ្ងៃទី២១ខែកញ្ញា ឆ្នាំ២០២០ បន្ទាប់ពីទទួលរងឥទ្ធិពលព្យុះ និងភ្លៀងធ្លាក់ ជាបន្តបន្ទាប់រយៈពេល ២ថ្ងៃជាប់ៗគ្នានៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សា ត់ បានបង្កឲ្យមានទឹកជំនន់ទឹកភ្លៀង តាមដងស្ទឹងពោធិ៍សាត់ ចំនួន ៤ក្រុង ស្រុកនិង១៨ ឃុំសង្កាត់ដែលបណ្តាលឲ្យប៉ះពាល់ លំនៅដ្ឋាន ដំណាំស្រូវ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន។នេះបើយោងតាមអ្នកនាំពាក្យ រដ្ឋបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០។
អ្នកនាំពាក្យរដ្ឋបាល ខេត្តពោធិ៍សាត់បានបន្តថាៈទឹកជំនន់ទឹកភ្លៀង តាមដងស្ទឹងពោធិ៍សាត់ បណ្តាលឲ្យប៉ះពាល់លំនៅដ្ឋាន ដំណាំស្រូវ និងហេដ្ឋារចនាសម្ព័ន្ធ មួយចំនួនដូចជា៖
១.ស្រុកវាលវែង៖ ប៉ះពាល់ចំនួន ៤ ឃុំ រួមមាន ឃុំប្រម៉ាយ ឃុំអន្លង់រាប ឃុំក្រពើពីរ និងឃុំអូរសោម ស្មើនឹង ២០ ភូមិ ក្នុងនោះលិចដីភូមិ ប្រជាពលរដ្ឋចំនួន៨គ្រួសារ ក្នុងនោះ២ គ្រួសារ ទឹកហូររសាត់បាត់ក្តារ ចំនួន ២៤សន្លឹកតែមិនបណ្តាលឲ្យមាន គ្រោះថ្នាក់អ្វីឡើយ និងប៉ះពាល់ដំណាំ ចំនួន ៣១៨,៥ ហិកតា ខូច ខាតដាច់ស្ពាន៣កន្លែងដាច់ផ្លូវ ១កន្លែងចំណុចស្ទឹងក្រពើស្រុតក្បាលស្ពាន១កន្លែង។
២.ក្រុងពោធិ៍សាត់៖ប៉ះពាល់៦សង្កាត់ស្មើនឹង១.៤២៧គ្រួសារក្នុងនោះលិចស្រូវចំនួន៨២៨ ហិកតាលិចផ្លូវចំនួន១៥ខ្សែក្នុងនោះ ផ្លូវលំដីសចំនួន១ ខ្សែ ផ្លូវដីក្រហម ចំនួន១១ ខ្សែ ផ្លូវកៅស៊ូ ចំនួន២ ខ្សែ ផ្លូវបេតុងចំនួន១ ខ្សែ។៣.ស្រុកកណ្ដៀង៖ ប៉ះពាល់៧ឃុំ ស្មើនឹង ២៧ភូមិ ក្នុងនោះលិចផ្លូវកៅស៊ូ ៨.៥៥ ០ ម៉ែត្រ ផ្លូវដីក្រហម ចំនួន ១.៦៨៥ ម៉ែត្រ ប៉ះពាល់ស្រូវស្រាលចំនួន ២៨៣ ហិកតា និងបាក់ច្រាំង ចំនួន ២កន្លែង។
៤.ស្រុកភ្នំក្រវាញ៖ ប៉ះពាល់២ឃុំ ក្នុងនោះ ឃុំសំរោង ជម្លៀសប្រជាជនចំនួន១៨០ គ្រួសារ ខូចខាត ផ្លូវចំនួន១.០១៧ម៉ែត្រ និងបាក់ស្ពានចំនួន១ កន្លែង។
អ្នកនាំពាក្យរដ្ឋបាលខេត្តពោធិ៍សាត់ បានបញ្ជាក់ថាៈ ចំពោះទីតាំងដែលរងគ្រោះ ខាងលើ គណៈកម្មាធិការ គ្រប់គ្រងមហន្តរាយខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងស្ថាប័នពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ បានចុះពិនិត្យអន្តរាគមន៍ ២៤ម៉ោងលើ២៤ម៉ោង។ យោងតាមការតាមដាន កម្ពស់ទឹក នៅក្នុងថ្ងៃនេះ ឃើញថា កម្ពស់ទឹកស្ទឹងស្រុកភ្នំក្រវាញ បានថយចុះចំនួន ១ តឹក នៅក្នុងក្រុងពោធិ៍សាត់ មានកម្ពស់ ៥,៥ ម៉ែត្រ ដដែល៕