ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសស្វាគមន៍ និងពេញចិត្ត ចំពោះបំណងចងសម្ព័ន្ធភាពជាមួយបក្សនយោបាយនានា ដែលបានដាក់សំណើទៅកាន់បក្សប្រជាជនកម្ពុជា។ការប្រកាសស្វាគមន៍របស់ ប្រមុខបក្សកំពុងដឹកនាំរាជរដ្ឋាភិបាលនេះ បានធ្វើឡើងបន្ទាប់ពីមានគណបក្សនយោបាយក្រៅរាជរដ្ឋាភិបាលជាច្រើន បានចេញសេចក្តីថ្លែងការណ៍ និងដាក់សំណើសុំចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា។
សារសំឡេងតាមបណ្តាញសង្គមតេឡេក្រាម នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គណបក្សប្រជាជនកម្ពុជាពេញចិត្តនឹងការចងសម្ព័ន្ធភាព លើមូលដ្ឋាននៃការគោរពឯករាជ្យភាពនៃគណបក្សរៀងៗខ្លួន។
សម្តេចតេជោ បន្ថែមថា គណបក្សប្រជាជនកម្ពុជា មិនព្យាយាមត្រួតត្រាទៅលើគណបក្សនយោបាយដទៃនោះទេ ប៉ុន្តែគណបក្សប្រជាជនកម្ពុជា ពេញចិត្តនឹងធ្វើការជាមួយគណបក្សផ្សេងទៀត ដោយគោរពនូវឯករាជ្យរបស់គណបក្សដទៃ ហើយចាត់ទុកគណបក្សទាំងនោះជាដៃគូស្មើភាពជាមួយគណបក្សប្រជាជនកម្ពុជា៕EB