រដ្ឋមន្ដ្រីក្រសួងការងារ ៖ បច្ចុប្បន្ន កម្ពុជាមិនទាន់ចុះកិច្ចព្រមព្រៀង ក្នុងការបញ្ជូនពលករ ទៅធ្វើការនៅអ៊ីស្រអែលឡើយ
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងប្រកាសថា បច្ចុប្បន្ន កម្ពុជាមិនទាន់បានចុះកិច្ចព្រមព្រៀងក្នុងការបញ្ជូនពលករទៅធ្វើការនៅប្រទេសអ៊ីស្រអែលឡើយ គឺស្ថិតក្នុងដំណាក់កាលពិភាក្សាគ្នានៅឡើយ។
ការលើកឡើងរបស់ រដ្ឋមន្ដ្រីការងារ ក្រោយទទួលបានព័ត៌មានអំពីក្មួយៗ និងប្អូនៗករណី បុគ្គលមួយរូបដែលមានឈ្មោះក្នុងតេលេក្រាមថា MEAN Sodara បានបង្កើតតេលេក្រាមកាណាល់មួយឈ្មោះ ISRAEL WORK 2024 ដើម្បីជ្រើសរើស និងបញ្ជូនពលករឱ្យទៅធ្វើការងារនៅប្រទេសអ៊ីស្រអែល ដោយខុសច្បាប់។
តាមរយៈសារតេឡេក្រាម នាថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣នេះ លោករដ្ឋមន្ដ្រី គូសបញ្ជាក់ថា «ខ្ញុំសូមបញ្ជាក់ជូនសាធារណជនថា បច្ចុប្បន្នកម្ពុជាមិនទាន់បានចុះកិច្ចព្រមព្រៀងក្នុងការបញ្ជូនពលករទៅធ្វើការនៅប្រទេសអ៊ីស្រអែលនៅឡើយ ពោលគឺយើងកំពុងស្ថិតនៅក្នុងដំណាក់កាលពិភាក្សាគ្នានៅឡើយ ដូច្នេះការចេញទៅធ្វើការនៅប្រទេសអ៊ីស្រអែលតាមរយៈមេខ្យល់ ឬរូបភាពក្លែងបន្លំឯកសារជាសិស្ស ឬជានិស្សិត គឺជាករណីខុសច្បាប់ និងជាបទល្មើសនៃការជួញដូរមនុស្ស»។
លោករដ្ឋមន្ដ្រី បន្ដថា ហេតុដូច្នេះ សូមសាធារណជនមេត្តាជ្រាប និងប្រុសប្រយ័ត្នកុំចាញ់បោកបុគ្គល MEAN Sodara ឬខ្លឹមសារដែលបានផ្សព្វផ្សាយនៅតេលេក្រាមកាណល់ ISRAEL WORK 2024 ឱ្យសោះ។ ក្រសួង កំពុងធ្វើការជាមួយគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្សដើម្បីចាត់វិធានការណ៍ដល់បុគ្គលពាក់ព័ន្ធ។
លោករដ្ឋមន្ដ្រី បន្ថែមថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងធ្វើការជូនដំណឹងជាសាធារណៈនៅពេលដែលកម្ពុជាមានកិច្ចព្រមព្រៀង និងយន្តការគ្រប់គ្រង ការពារ និងគាំពារពលករនៅប្រទេសអ៊ីស្រអែលជាផ្លូវការ៕EB