សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងប្រកាសគោលនយោបាយបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ដល់យុវជនជាង១លាន នៅថ្ងៃទី១៤ វិច្ឆិកា
កណ្ដាល ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ ខាងមុខនេះ សម្ដេច នឹងប្រកាសអំពីគោលនយោបាយបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជនចំនួន ១លាន ៥សែននាក់។
សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកឡើងបែបនេះ នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ-និយោជិត នៅតាមបណ្តារោងចក្រ សហគ្រាសដែលមានមូលដ្ឋាន ក្នុងស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ខាងមុខនេះ សម្ដេច នឹងអញ្ជើញជាអធិបតីក្នុងពិធីប្រកាសជាផ្លូវការ នូវគោលនយោបាយបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជនចំនួន ១លាន ៥សែននាក់។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះថា «យើងត្រៀមអស់ហើយ យើងបានកំពុងបណ្ដុះបណ្ដាលគ្រូជិតចប់ហើយ វិក្រឹត្យការ ប្រព័ន្ធវិក្រឹត្យការបន្ថែម យើងរៀបចំផែនការ យើងមិនមែនទើបប្រកាសថ្ងៃនេះ ហើយឲ្យចេញនោះទេ យើងបានរៀបចំហើយ ថ្ងៃទី ១៤ (វិច្ឆិកា) នៅសល់ប្រហែលជា ១០ថ្ងៃទៀត ខ្ញុំត្រូវទៅប្រកាសចេញជាផ្លូវការតែម្ដង ឥឡូវលក្ខណៈត្រៀមដល់ពេលខ្ញុំប្រកាស គឺចាប់ផ្ដើមចេញដំណើរតែម្ដង បានន័យថា ត្រៀមទាំងគ្រូ ត្រៀមទាំងប្រព័ន្ធការងារ យើងធ្វើជាជំហានៗ»៕EB