ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល នឹងចំណាយប្រមាណ ៧លានដុល្លារថែមទៀត សម្រាប់ការស្នាក់នៅ និងហូបចុករបស់គណៈប្រតិភូកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។

នៅសល់តែ ១១ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ។


ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ ពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានាក្នុងវត្តព្រះបារមីវង្កតបុរី ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ រួមជាមួយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាតក្រហមកម្ពុជា នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ចំពោះព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជានេះ ធ្វើយ៉ាងឲ្យគេស្គាល់បេះដូងខ្មែរពិតប្រាកដ។

សម្ដេច គូសបញ្ជាក់ថា «យើងធ្វើម្ចាស់ផ្ទះឆ្នាំនេះ គឺអត់គិតថ្លៃទាំងអស់ ចំពោះអ្នកចូលលេង ចូលមើល ទាំងប្រជាជនកម្ពុជា ទាំងជនបរទេស ខ្មែរលើកនេះគឺថា ធ្វើឲ្យគេស្គាល់បេះដូងខ្មែរពិតប្រាកដ យើងចំណាយជាង ៧លានដុល្លារថែមទៀត ដើម្បីចញ្ចឹមកីឡាករ-កីឡាការិនី មិត្តភត្តិបរទេសដែលមកការប្រកួត»។

សម្ដេច រំលឹកថា នៅពេលកីឡាករ-កីឡាការិនី របស់កម្ពុជា ទៅប្រកួតនៅស៊ីហ្គេមនៅក្រៅប្រទេស គឺត្រូវបង់ឲ្យម្ចាស់ផ្ទះមួយថ្ងៃ ចំនួន ៥០ដុល្លារ ក្នុងម្នាក់ៗ។ រីឯកម្ពុជាវិញ មិនឲ្យបង់ថ្លៃឡើយ គឺទទួលបន្ទុកចញ្ចឹម។ សម្ដេច បន្ដថា ចំពោះអ្នកគាំទ្រករកីឡាករ គឺត្រូវរកសណ្ឋាគារស្នាក់នៅ និងចំណាយដោយខ្លួនឯង។ ចំពោះ កីឡាករ-កីឡាការិនី គ្រូបង្វឹក គឺទទួលបន្ទុកដោយរដ្ឋ។ សម្ដេច ថា «ខ្មែរ ប្រទេសតូច ប្រទេសក្រ ក៏ប៉ុន្ដែបេះដូងធំទូលាយ ជាងមហាសមុទ្រទៅទៀត»។

ជាមួយគ្នានេះ សម្ដេច លើកឡើងថា បើកម្ពុជាលក់បុត្រឲ្យអ្នកចូលទស្សនាស៊ីហ្គេមនៅកម្ពុជា ក៏មិនក្លាយជាអ្នកមានដែរ ផ្ទុយទៅវិញ គឺដាក់បន្ទុកទៅលើប្រជាពលរដ្ឋ ដែលរងចាំរយៈពេល ៦៦ឆ្នាំ។ លើសពីនេះ សម្ដេច ក៏សូមការយោបល់ដល់ប្រជាពលរដ្ឋ ក្នុងការស្ទះចរាចរណ៍ នៅពេលកម្ពុជារៀបចំធ្វើជាម្ចាស់ នៃព្រឹត្តិការណ៍ កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។

ទន្ទឹមនេះ សម្ដេច នាយករដ្ឋមន្ដ្រី ក៏មានក្ដីសង្ឃឹមថា ប្រទេសដទៃ នៅពេលធ្វើជាម្ចាស់ស៊ីហ្គេម នឹងមិនយកថ្លៃពីកីឡាកររបស់កម្ពុជា៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ