ភ្នំពេញ៖ លោក Lloyd Austin រដ្ឋមន្ត្រីការពារជាតិអាមេរិក បានធ្វើដំណើរមកដល់កម្ពុជាហើយ នៅព្រឹកថ្ងៃ៤ មិថុនានេះ សម្រាប់ដំណើរទស្សនកិច្ចនិងការ ជួបមន្ត្រីជាន់ខ្ពស់កម្ពុជាជារូបផងដែរ ។ នេះបើតាមទូតអាមេរិកផ្សាយមុននេះបន្តិច ។

ស្ថានទូតអាមេរិកនៅភ្នំពេញ ក៏ស្វាគមន៍ លោក Lloyd Austin រដ្ឋមន្ត្រីការពារជាតិអាមេរិក មកកាន់កម្ពុជា ។ នេះជាលើកទីពីរ នៃដំណើរទស្សនកិច្ច របស់លោករដ្ឋមន្ត្រី Austin ក្នុងតំណែងរបស់លោក ក្រោយពីធ្លាប់បាន មកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក កាលពីឆ្នាំ២០២២ ។

លោក Lloyd Austin បានស្បថចូលកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិទី២៨ របស់សហរដ្ឋអាមេរិក កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១។ លោក Austin មានអាយុ ៧០ឆ្នាំ កើតនៅក្នុងទីក្រុង Mobile រដ្ឋ Alabama និងធំដឹងក្ដីនៅក្នុងទីក្រុង Thomasville រដ្ឋ Georgia។ លោកបានបញ្ចប់ការសិក្សាពីសាលាបណ្ឌិតសភាយោធាអាមេរិក West Point (United States Military Academy West Point) និងធ្លាប់ជាមន្ត្រីម្នាក់នៅក្នុងជួរកងទ័ពថ្មើរជើងអាមេរិក។ 

លោក Austin ក៏មានផងដែរបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកទីប្រឹក្សាអប់រំ មកពីសាកលវិទ្យាល័យ Auburn University និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម នៃសាកលវិទ្យាល័យ Webster University។ លោកជាអតីតនិស្សិតនាយទាហានថ្មើរជើង កម្រិតមូលដ្ឋាន និងជាន់ខ្ពស់ មកពីសាលា Army Command and General Staff College និង Army War College។

នៅក្នុងអាជីពការងាររយៈពេល៤១ឆ្នាំ ក្នុងជួរកងទ័ព លោក Austin ធ្លាប់ដឹកនាំកងពលធំ កងវរសេនាតូច និងកងពលតូច។ លោក Austin ទទួលបានពានរង្វាន់ Silver Star សម្រាប់ភាពជាមេដឹកនាំនៃកងទ័ពថ្មើរជើង 3rd Infantry Division អំឡុងសង្រ្គាមរបស់សហរដ្ឋអាមេរិកនៅអ៉ីរ៉ាក់ក្នុងឆ្នាំ២០០៣។ ៧ឆ្នាំក្រោយមក លោកបានទទួលភារកិច្ចជា មេបញ្ជាការនៃកងកម្លាំងសហរដ្ឋអាមេរិក ក្នុងប្រទេសអ៉ីរ៉ាក់ និងត្រួតពិនិត្យរាល់ប្រតិបត្តិការប្រយុទ្ធក្នុងប្រទេសមួយនេះ។

លោក Austin ធ្លាប់ជាមេបញ្ជាការនៃទីបញ្ជាការយោធាកណ្ដាលអាមេរិក ដែលទទួលបន្ទុកលើប្រតិបត្តិការយោធាក្នុងតំបន់មជ្ឈិមបូព៌ា និងអាហ្វហ្កានីស្ថាន។ លោកបានដឹកនាំ សហរដ្ឋអាមេរិក និងក្រុមចម្រុះ ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុម ISIS ក្នុងប្រទេសអ៉ីរ៉ាក់ និងស៊ីរី។ លោកបានចូលនិវត្តន៍ពីកងទ័ព នៅខែមេសា ឆ្នាំ២០១៦។

ចាប់តាំងពីចូលនិវត្តន៍ពីកងទ័ព លោក Austin បានបម្រើការជាសមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនផលិតអាវុធអាមេរិក Raytheon Technologies, ក្រុមហ៊ុន Nucor និងក្រុមហ៊ុន Tenet Healthcare៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ