លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បញ្ជាឲ្យផាកពិន័យ និងត្រួតពិនិត្យ រថយន្ដបំពាក់ភ្លើងខុសបច្ចេកទេស និងភ្លើងស៊ីរ៉ែន
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរ ណ៍ផ្លូវគោក បានបញ្ជាឲ្យផាកពិន័យ និងត្រួតពិនិត្យរថយន្ដគ្រប់ប្រភេទបំពាក់ភ្លើងខុសបច្ចេកទេស ជាពិសេសភ្លើងស៊ីរ៉ែន និងភ្លើងហ្វា នាំឲ្យមានហានិភ័យដល់អ្នកដទៃ។
នាឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានឲ្យដឹងថា ការបំពាក់ភ្លើងខុសលក្ខណៈបច្ចេកទេស នាំចាំងភ្នែកដល់អ្នកដទៃ និងមានហានិភ័យនៅពេលបើកបរផងដែរ។
លោកឧបនាយករដ្ឋមន្ដ្រី បានសង្កេតឃើញថា ការបំពាក់ភ្លើងខុសលក្ខណៈបច្ចេកទេស ទាំងភ្លើងហ្វា និងភ្លើងស៊ីរ៉ែន តែងតែកើតមានឡើងនៅលើរថយន្ដដឹកទំនិញធុនធំ និងរថយន្ដឈ្នួលជាដើម។
លោកឧបនាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា «ឡានធំមួយចំនួនប្រើស៊ីផ្លេរកែ ក្នុងនោះ ការប្រើប្រាស់ភ្លើងហ្វាមួយចំនួន ដែលមិនអនុញ្ញាត អានេះខុសលក្ខណៈបច្ចេកទេស ដែលយើងទាំងអស់គ្នាចូលរួមត្រួតពិនិត្យ ហើយសម្អាតឱ្យបានយ៉ាងយូរ ត្រឹមខែ៦នេះ (ខែមិថុនា)»។
លោកឧបនាយករដ្ឋមន្ដ្រី បន្ដថា «ក្នុងនោះដែរ ភ្លើងស៊ីរ៉ែន សូមឲ្យដោះចេញទាំងអស់ ផាកពិន័យ ព្រោះថា ប៉ុន្មានខែចុងក្រោយនេះ មានការកើនឡើងនូវការប្រើប្រាស់ភ្លើង និងមធ្យោបាយមួយចំនួន ដែលមិនអនុញ្ញាត»។
លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានណែនាំឲ្យពិនិត្យមើលរថយន្ដទាំងឡាយ ពិសេសរថយន្ដដឹកនាំទំនិញធុនធំដែលបិទស្ទឹកឃ័រអក្សរ ឬរូបភាពផ្សេងនៅលើកញ្ចក់ ឬដាក់រាំងនន ដែលធ្វើបាំងកំហើញនៅពេលបើកបរ ហើយជាកត្តាងាយរងគ្រោះថ្នាក់ដល់អ្នកដទៃនៅតាមដងផ្លូវ។ លោកឧបនាយករដ្ឋមន្ដ្រី ថា ការអនុវត្តវិធានការទាំងអស់នេះ គឺសំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍៕EB