រយៈពេល ៧ខែ ឆ្នាំ២០២៤នេះ ខ្យល់កន្ត្រាក់បានកើតឡើងជាង ២០០លើក នៅទូទាំងប្រទេស បណ្តាលឱ្យមនុស្សស្លាប់ និងរបួស ចំនួន ៣៥នាក់ និងខូចខាតមានការថយចុះជាង ៤ដង បើធៀបទៅនឹងរយៈពេល ៧ខែ ដូចគ្នា ឆ្នាំ២០២៣ កន្លងទៅ ដែលមានមនុស្សស្លាប់ និងរបួសជាង ១៥០នាក់ និងខូចខាតផ្ទះសម្បែងជាង ១ ម៉ឺន ៤ពាន់ខ្នង។

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មានប្រសាសន៍ថា ចាប់ពីខែមករា រហូតដល់ខែកក្កដា ឆ្នាំ ២០២៤ នេះ ខ្យល់កន្ត្រាក់បានកើតឡើងចំនួន ២០៩ លើក បណ្តាលឱ្យខូចខាតផ្ទះធ្ងន់ធ្ងរចំនួន ៤៥៩ ខ្នង ខូចខាតផ្ទះមធ្យមចំនួន ៣ ៥៥២ ខ្នង របើកដំបូលសាលារៀនចំនួន ៣៧ អគារ របើកតូបផ្សារចំនួន ២៦ តូប អគាររដ្ឋបាលចំនួន ១៤ អគារ ស្លាប់មនុស្សចំនួន ៤ នាក់ និងរងរបួសចំនួន ៣១ នាក់។

លោក បានបន្តថា ក្នុងនោះនៅក្នុងខែកក្កដាឆ្នាំ ២០២៤ ខ្យល់កន្ត្រាក់បានកើតឡើងចំនួន ២៧ លើក នៅរាជធានី-ខេត្ត ចំនួន ១៧ បណ្តាលឱ្យខូចខាតផ្ទះធ្ងន់ធ្ងរចំនួន ៨២ ខ្នង ខូចខាតផ្ទះមធ្យមចំនួន ២៤១ ខ្នង ស្លាប់មនុស្សចំនួន ១ នាក់ និងរងរបួសចំនួន ៧ នាក់។

លោក បានបន្តទៀតថា ចំនួននេះបើធៀបទៅនឹង ៧ ខែ ឆ្នាំ ២០២៣ ឃើញថា មានការថយចុះគួរឱ្យកត់សម្គាល់ ដោយ ៧ ខែ ឆ្នាំមុន ខ្យល់កន្ត្រាក់បានកើតឡើងចំនួន ២២១ លើក បណ្តាលឱ្យខូចខាតផ្ទះធ្ងន់ធ្ងរចំនួន ១ ៨៨០ ខ្នង ខូចខាតផ្ទះមធ្យមចំនួន ១២ ២០៨ ខ្នង របើកដំបូលសាលារៀនចំនួន ៨៧ អគារ របើកតូបផ្សារចំនួន ៧៧ តូប អគាររដ្ឋបាលចំនួន ៣៨ អគារ ស្លាប់មនុស្សចំនួន ៨ នាក់ និងរងរបួសចំនួន ១៤៥ នាក់៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ