វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ គ្រោងនឹងដាក់ពន្ធរហូត១០៤ភាគរយលើការនាំចូលរបស់ចិនទាំងអស់ នៅថ្ងៃពុធទី៩ ខែមេសានេះ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យសេតវិមាន លោកស្រី ការ៉ូលីន លេវីត កាលពីថ្ងៃអង្គារទី៨ ខែមេសា ឆ្នាំ២០២៥។

លោក ត្រាំ បានប្រកាសក្តែងៗថា លោកនឹងដាក់ពន្ធបន្ថែមរហូតដល់ទៅ៥០ភាគរយលើការនាំចូលពីប្រទេសចិន នៅថ្ងៃពុធទី៩ ខែមេសា ប្រសិនបើរដ្ឋធានីប៉េកាំងមិនដកពន្ធ៣៤ភាគរយលើផលិតផលរបស់សហរដ្ឋអាម៉េរិក កាលពីសប្តាហ៍មុន។ ពន្ធគយរបស់ចិន គឺជាការឆ្លើយតបទៅនឹងពន្ធទៅវិញទៅមក៣៤ភាគរយ ដែលប្រកាសដោយលោក ត្រាំ។ សេតវិមានបានបញ្ជាក់ថាលោក ត្រាំ នឹងបន្តសកម្មភាពនេះ ដោយយកពន្ធបន្ថែមសរុបនៅឆ្នាំនេះដល់១០៤ភាគរយ។

ពន្ធទាំងនោះនឹងមានកម្រិតខ្ពស់ជាពិសេសសម្រាប់ប្រទេសចិន ខណៈលោក Trump បានដំឡើងពន្ធលើការនាំចូលរបស់ខ្លួនដល់ ១០៤ ភាគរយ ដើម្បីឆ្លើយតបនឹងការប្រឆាំងការដំឡើងពន្ធដែលក្រុងប៉េកាំងបានប្រកាសកាលពីសប្តាហ៍មុន។ ប្រទេសចិនបានបដិសេធដោយមិនចុះញ៉មចំពោះអ្វីដែលខ្លួនហៅថា ជាការគំរាមកំហែង ប្រព្រឹត្តិខុសលើខុស ហើយបានប្តេជ្ញាថានឹងតស៊ូដល់ទីបញ្ចប់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ