រដ្ឋមន្ត្រីការបរទេសអាហ្វ្រិកខាងត្បូង ផ្តាំផ្ញើរទៅ រដ្ឋទាំងអស់ត្រូវតែបញ្ឈប់ការផ្តល់ជំនួយដល់យោធាអ៊ីស្រាអែល
អាហ្វ្រិក៖ រដ្ឋមន្ត្រីការបរទេសអាហ្វ្រិកខាងត្បូងបានថ្លែងកាលពីថ្ងៃពុធថា រដ្ឋទាំងអស់មានកាតព្វកិច្ចបញ្ឈប់ការផ្តល់ជំនួយ និងកាrជួយសម្រួលដល់សកម្មភាពយោធារបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សា បន្ទាប់ពីតុលាការពិភពលោកបានបញ្ជាក់យ៉ាងច្បាស់ថា សកម្មភាពទាំងនោះអាចជាអំពើប្រល័យពូជសាសន៍។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន រ៉យទ័រ នៅថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ២០២៣។
តាមបណ្តឹងរបស់អាហ្វ្រិកខាងត្បូង តុលាការយុត្តិធម៌អន្តរជាតិ(ICJ) កាលពីសប្តាហ៍មុនបានបញ្ជាឱ្យអ៊ីស្រាអែលចាត់គ្រប់វិធានការទាំងអស់នៅក្នុងអំណាចរបស់ខ្លួន ដើម្បីការពារកងទ័ពរបស់ខ្លួនពីការប្រព្រឹត្តអំពើប្រល័យពូជសាសន៍ និងចាត់វិធានការធ្វើអោយប្រសើរឡើងនូវស្ថានភាពមនុស្សធម៌សំរាប់ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា។
បច្ចុប្បន្ននេះ អាហ្រ្វិកខាងត្បូងជាអ្នកតស៊ូមតិសម្រាប់បុព្វហេតុប៉ាឡេស្ទីនជាមួយគ្នានោះ អ៊ីស្រាអែលបានបដិសេធការចោទប្រកាន់ពីបទប្រល័យពូជសាសន៍ ហើយបដិសេធការប្រៀបធៀបទៅនឹងសម័យកាលរើសអើងពូជសាសន៍។
រដ្ឋមន្ត្រីការបរទេសលោកស្រីNaledi Pandor ក៏បាននិយាយផងដែរថា លោកស្រីបានជួបព្រះរាជអាជ្ញានៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) កាលពីសប្តាហ៍មុន ដើម្បីពិភាក្សាអំពីការបញ្ជូនបណ្តឹងរួមគ្នារបស់អាហ្វ្រិកខាងត្បូង ដែលបានធ្វើឡើងនៅក្នុងខែវិច្ឆិកា ជាមួយប្រទេសផ្សេងទៀតអំពីស្ថានភាពនៅក្នុងទឹកដីប៉ាឡេស្ទីន។
លោកស្រីPandor បានប្រាប់អ្នកយកព័ត៌មានថា “ខ្ញុំបានសួរគាត់ថា ហេតុអ្វីបានជាគាត់អាចចេញដីកាចាប់ខ្លួនលោកPutin ហើយមិនអាចធ្វើដូចគ្នាបានសម្រាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល។ គាត់មិនបានឆ្លើយតបនឹងសំណួរនោះទេ ប៉ុន្តែគាត់បាននិយាយថា ការស៊ើបអង្កេតកំពុងដំណើរការនៅឡើយ៕