ក្រុងម៉ានីល៖ ប្រទេសហ្វីលីពីន រកឃើញករណីថ្មីនៃជំងឺអុតស្វានៅក្នុងប្រទេស ដែលជាករណីឆ្លងដំបូងចាប់តាំងពី ខែធ្នូឆ្នាំមុន។ នាយកដ្ឋានសុខាភិបាល កំពុងរង់ចាំលទ្ធផលធ្វើតេស្ត មុនពេលអាចកំណត់ប្រភេទនៃវ៉ារ្យ៉ង់។នេះបើតាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចុះផ្សាយនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០២៤។

នាយកដ្ឋានសុខាភិបាលហ្វីលីពីន (DOH) បានឱ្យដឹងថា អ្នកជំងឺគឺជាបុរសជនជាតិហ្វីលីពីន អាយុ៣៣ឆ្នាំ ដែលមិនមានប្រវត្តិធ្វើដំណើរទៅក្រៅប្រទេសហ្វីលីពីនឡើយ។ អ្នកនាំពាក្យរបស់នាយកដ្ឋាន លោក Albert Domingo បាននិយាយនៅពេលសួរអំពីបញ្ហានេះថា៖យើងកំពុងរង់ចាំលទ្ធផល ហើយនឹងធ្វើបច្ចុប្បន្នភាពនៅពេលដែលបានលទ្ធផល។ 

សូមជម្រាបថា ករណីថ្មីនៅហ្វីលីពីនជាករណីទី១០ដែលមន្ទីរពិសោធន៍សុខាភិបាលបានរកឃើញ។ ករណីដំបូង គឺនៅខែកក្កដាឆ្នាំ២០២២។ នាយកដ្ឋានសុខាភិបាលហ្វីលីពីន បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖រោគសញ្ញាបានចាប់ផ្តើមជាងមួយសប្តាហ៍មុន ជាមួយនឹងគ្រុនក្ដៅ ដែលត្រូវបានតាមដាន៤ថ្ងៃក្រោយមក ដោយការរកឃើញនៃកន្ទួលធំៗនៅលើមុខ ខ្នង ដើមទ្រូង ក្រលៀន ក៏ដូចជាបាតដៃ និងបាតជើង៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ