នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin etanyahu ប្រកាសជាថ្មី គ្មានការដកកងទ័ព ចេញពីហ្គាហ្សានោះទេ ដរាបណាមិនទាន់ទទួលបានជ័យជម្នះ
អ៊ីស្រាអែល៖ លោកនាយករដ្ឋមន្ត្រីអ៉ីស្រាអែល Benjamin etanyahu នៅតែប្តេជ្ញាមិនដកកងទ័ពចេញពីហ្គាហ្សាឡើយ រហូតដល់ទទួលបានជ័យជម្នះទាំងស្រុង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ២០២៤។
មន្ត្រីជាន់ខ្ពស់មួយរូបរបស់ក្រុមហាម៉ាស បានប្រាប់ Reuters ដោយមិនបញ្ចេញឈ្មោះថា សំណើនេះពាក់ព័ន្ធនឹងបទឈប់បាញ់ ៣ដំណាក់កាល អំឡុងពេលដែលហាម៉ាសដោះលែងជនស៉ីវិលនៅសល់ ក្នុងចំណោមចំណាប់ខ្មាំងដែលខ្លួនចាប់បានកាលពីថ្ងៃទី៧ ខែតុលា បន្ទាប់មកដោះលែងទាហាន និងចុងក្រោយប្រគល់សាកសពចំណាប់ខ្មាំងដែលត្រូវបានសម្លាប់។ មេដឹកនាំរបស់ក្រុមហាម៉ាស់ លោក Ismail Haniyeh បាននិយាយថានឹងទៅកាន់ទីក្រុងគែរ ប្រទេសអេហ្ស៉ីប ដើម្បីពិភាក្សាពីសំណើនេះ។
គួរបញ្ជាក់ថា នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Netanyahu កំពុងស្ថិតក្រោមសម្ពាធពីសម្ព័ន្ធមិត្តអាមេរិក ដើម្បីរៀបចំផ្លូវឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាម ហើយនៅក្នុងស្រុកវិញ សាច់ញាតិរបស់ចំណាប់ខ្មាំងថា ការចរចាគឺជាមធ្យោបាយតែមួយគត់ ដើម្បីនាំពួកគេត្រឡប់មកផ្ទះវិញ។ ប៉ុន្តែក្រុមស្តាំនិយមនៃគណបក្សកាន់អំណាចរបស់លោក បាននិយាយថា ពួកគេជ្រើសរើសយកការលាលែងពីតំណែងជាជាងគាំទ្រកិច្ចព្រមព្រៀងមួយ ដើម្បីដោះលែងចំណាប់ខ្មាំងដែលត្រូវទុកឲ្យក្រុមហាម៉ាសនៅដដែល៕