ស្ថាបនិកបណ្តាញសង្គម Telegram ត្រូវបាន អាជ្ញាធរបារាំងអនុញ្ញាតឱ្យទៅទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម វិញហើយ
បារាំង៖ នាយកប្រតិបត្តិ និងជាស្ថាបនិកបណ្តាញសង្គម Telegram លោក Pavel Durov នៅថ្ងៃទី១៧ ខែមីនា បានត្រលប់ទៅទីក្រុងឌូបៃ អេមីរ៉ាតអារ៉ាប់រួម បន្ទាប់ពីត្រូវបានអាជ្ញាធរបារាំងអនុញ្ញាត។ នេះបើតាមការចេញផ្សាយរបស់សាព័ត៌មានAFPនៅថ្ងៃទី ១៨ខែ មីនា ឆ្នាំ២០២៥។
ទោះមហាសេដ្ឋីរូបនេះ ត្រូវបានអនុញ្ញាតឱ្យចាកចេញពីបារាំង ប៉ុន្តែអាជ្ញាធរនៅតែបន្តស៊ើបអង្កេតពីបទចោទលាងលុយ ការជួញដូរថ្នាំញៀន ភេរវកម្ម និងមាតិកាបំពានផ្លូវភេទកុមារលើបណ្តាសង្គម Telegram។
លោក Pavel Durov នាយកប្រតិបត្តិ និងជាស្ថាបនិក បណ្តាញសង្គម Telegram នៅក្នុងខែសីហា ឆ្នាំ២០២៤ ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋាន Le Bourget ក្រៅទីក្រុងបារីស ដើម្បីស៊ើបអង្កេតលើបទចោទពាក់ព័ន្ធការលាងលុយ ការជួញដូរថ្នាំញៀន ភេរវកម្ម និងមាតិកាបំពានផ្លូវភេទកុមារលើបណ្តាសង្គម Telegram។តាមប្រភពដែលមិនបញ្ចេញឈ្មោះប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ចៅក្រមបារាំង បានអនុញ្ញាតឱ្យលោក Pavel Durov ចេញទៅបរទេសបាន ក្នុងរយៈពេលជាច្រើនសប្តាហ៍។ លោកអាចចាកចេញទៅបរទេសចាប់ពីថ្ងៃទី១៥ ខែមីនា ដល់ថ្ងៃទី៧ ខែមេសា ហើយត្រូវតម្កល់ប្រាក់ប្រមាណ ៥,៤លានដុល្លារ៕