សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ មិនមែនជាការចាប់បង្ខំពលរដ្ឋឱ្យជ្រើសរើសឡើយ គឺត្រូវមានការស្ម័គ្រចិត្ត
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលរាជរដ្ឋាភិបាលបានរៀបចំនាពេលនេះ មិនមែនជាការចាប់បង្ខំប្រជាពលរដ្ឋឱ្យជ្រើសរើសប្រើប្រាស់សេវានេះទេ ប៉ុន្តែជាការផ្តល់ជម្រើសបន្ថែម និងត្រូវប្រើប្រាស់ដោយមានការស្ម័គ្រចិត្ត។
ការអះអាងបែបនេះ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣នេះ ដោយពិភាក្សា និងអនុម័តលើរបៀបវារៈចំនួន៤។ នៅក្នុងកិច្ចពិភាក្សាលើរបៀបវារៈទី១ គឺ សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី ការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ។
នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ដូច្នេះថា៖ «កិច្ចការងារនេះសំខាន់ណាស់ ធ្វើយ៉ាងណាកុំឱ្យជាន់គ្នាត្រួតស៊ីគ្នា នៅក្នុងយន្តការ នៃការបង្កើតរបស់យើង»។ សម្តេចបានបន្ថែមថា «អ្វីដែលមាននៅក្នុងយន្តការដែលមានស្រាប់ គឺសូមពង្រឹង និងធ្វើការសហការជាមួយគ្នា កិច្ចការទាំងអស់នេះ គឺដើម្បីផ្តល់ជម្រើសបន្ថែមដល់ប្រជាពលរដ្ឋ នៅក្នុងការដោះស្រាយបញ្ហា ហើយសូមបញ្ជាក់ថា យន្តការថ្មីនេះ ការអនុវត្តគឺមិនមែន ធ្វើឡើងដើម្បីបង្ខិតបង្ខំពលរដ្ឋឱ្យទៅប្រើសេវានេះទេ ប៉ុន្តែជាជម្រើសបន្ថែមសម្រាប់ពលរដ្ឋរបស់យើង»។
សម្តេចសង្ឃឹមថា យន្តការថ្មីនេះនឹងអាចជួយដល់ប្រជាពលរដ្ឋ ហើយអំពាវនាវឱ្យមានការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីពន្យល់ដល់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៧ ខែតុលានេះ គណៈរដ្ឋមន្រ្តី បានអនុម័តទាំងស្រុងហើយ លើ សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី ការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ៕EB