ថៃ៖ នាយកដ្ឋានផ្សព្វផ្សាយវប្បធម៌កាលពីថ្ងៃព្រហស្បតិ៍ទី៣០ ខែវិច្ឆិកា បានបញ្ជាក់ថា ពិធីអបអរឆ្នាំថ្មីប្រពៃណីរបស់ប្រទេសថៃ ដែលគេស្គាល់ថា ជាពិធីសង្ក្រាន្ត នឹងត្រូវដាក់ឈ្មោះជាផ្លូវការជាបេតិកភណ្ឌវប្បធម៌អរូបីពិភពលោក ក្នុងអំឡុងពេលកិច្ចប្រជុំនាថ្ងៃទី៦ ខាងមុខនេះហើយ។ 

នេះបើតាមការចេញផ្សាយដោយសារព័ត៌មានThe Nation នៅថ្ងៃទី ១ ខែធ្នូកន្លងទៅ ដោយ នាយកដ្ឋានបានបន្ថែមថា នៅថ្ងៃទី៧ ខែធ្នូ ខ្លួននឹងរៀបចំព្រឹត្តិការណ៍អបអរសាទរនៅទីលានឡានឃុនមឿង Lan Khon Muang ក្នុងរាជធានីបាងកក ក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន។

 ការប្រារព្ធពិធីនេះ នឹងរួមបញ្ចូលនូវសកម្មភាពពិធីសង្ក្រាន្តប្រពៃណីដូចជា៖ ការស្រង់ព្រះ ហើយនឹងមានការចូលរួមពីសមាជិកគណៈរដ្ឋមន្ត្រី អភិបាលរាជធានីបាងកក និងមន្ត្រីវប្បធម៌។ 

មិនត្រឹមតែប៉ុណ្ណោះ ប្រទេសថៃនឹងប្រែក្លាយពិធីសង្ក្រាន្តទៅជាពិធីសកលរយៈពេលមួយខែនៅឆ្នាំក្រោយ ដើម្បីជំរុញអំណាចស្រទន់របស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ។ លោកស្រី ប៉ាតុងតាន ស៊ីណាវ៉ាត្រាប្រធានគណបក្សភឿថៃ និងជាប្រធានគណៈកម្មាធិការយុទ្ធសាស្ត្រអំណាចស្រទន់ (NSPSC) កាលពីថ្ងៃសុក្រ បានប្រកាសថា គណៈកម្មាធិការបានយល់ព្រមជំរុញឱ្យពិធីសង្ក្រាន្ត ក្លាយជាពិធីបុណ្យដ៏ល្អបំផុតមួយរបស់ពិភពលោក។ 

លោកស្រីបន្តថា៖«សូមឱ្យពិធីសង្ក្រាន្តក្លាយជាព្រឹត្តិការណ៍ដែលមនុស្សគ្រប់គ្នាត្រូវហោះហើរទៅកាន់ប្រទេសថៃ ដើម្បីចូលរួម។ សូមធ្វើឱ្យប្រទេសថៃក្លាយជាផ្ទះមួយនៃពិធីបុណ្យពិភពលោកកំពូលទាំង១០។ ចាប់ពីឆ្នាំក្រោយទៅ ពិធីសង្ក្រាន្តនឹងមិនដូចគ្នាទេ យើងមិនលេងបាញ់ទឹកទឹកតែបីថ្ងៃទេ ប៉ុន្តែពេញមួយខែនឹងមានព្រឹត្តិការណ៍នៅទូទាំងប្រទេស»។ លើសពីនោះ លោកស្រីបានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា គណៈកម្មាធិការរំពឹងថា ពិធីនេះនឹងបង្កើតបាន៣៥ពាន់លានបាតសម្រាប់សេដ្ឋកិច្ចថៃ។

គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំ២០២០ ថៃបានដាក់របាំថៃបុរាណខន ម៉ាស្សា របាំណូរ៉ា និងពិធីសង្ក្រាន្ត ទៅអង្គការយូនីស្កូ ដើម្បីធ្វើការពិចារណា៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ