ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញក្ដីសង្ឃឹមថា អង្គភាពបញ្ជាការដ្ឋានទ័ពពិសេស នឹងបន្តដើរតួជាអង្គភាពដ៏ចាំបាច់បន្តទៀត សម្រាប់វិស័យការពារជាតិរបស់កម្ពុជា។

ការបង្ហាញបែបនេះ នៅពេលដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស ( ៩ វិច្ឆិកា ១៩៩៥-៩ វិច្ឆិកា ២០២៣ ) នាព្រឹកថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ។  

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សន្តិភាព និងការបង្រួបបង្រួមជាតិ គឺជាអ្វីដែលកម្ពុជារកបានដោយលំបាកបំផុត។ ដូច្នេះហើយ អ្នកជំនាន់ក្រោយ ត្រូវតែថែរក្សាឲ្យបានជាដាច់ខាត ទោះក្នុងកាលៈទេសៈណាក៏ដោយ។

សម្ដេ ចនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា «ពិតណាស់ ជាមួយនឹងសន្តិភាពដែលយើងបានរកដោយលំបាក ហើយសង្ឃឹមថា យើងនឹងលែងត្រូវប្រឈមនឹងការប្រយុទ្ធទ្រុងទ្រាយធំ ដូចជំនាន់មុនៗទៀតហើយ ក៏ប៉ុន្តែការគំរាមកំហែង បញ្ហាសន្តិសុខ និងនៅតែបន្តបើសិនជាយើងធ្វេសប្រហែស ស្របដែលភាពតានតឹងក្នុងតំបន់ និងសកលលោក នៅតែបន្តកើតឡើង»។

ជាក់ស្ដែងបញ្ហាកើតឡើងទាក់ទងទៅនឹងការប្រឆាំងភេរកម្ម, ការប្រយុទ្ធនឹងឧក្រិដ្ឋកម្មឆ្លងដែន និងការឆ្លើយតបទៅនឹងគ្រោះមហន្ដរាយ នឹងក្លាយទៅជាឧទាហរណ៍មួយចំនួន នៃសមរភូមិបែបថ្មីនៅក្នុងសតវត្សទី ២១នេះ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ការកើនឡើងនៃបញ្ហាទាំងនេះ សក្ខីភាពនៃភាពចាំបាច់នៃអង្គភាពទ័ពពិសេសមួយ ដែលមានសមត្ថភាពខ្ពស់ អាចឆ្លើយតបបានឆាប់រហ័ស និងទាន់វេលា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា «នេះហើយជាបេសសកម្មស្នូល និងជាមូលហេតុដែលយើងបានបង្កើតបញ្ជាការដ្ឋានទ័ពពិសេស ខ្ញុំសង្ឃឹមថា អង្គភាពនេះ នឹងបន្តដើរតួជាអង្គភាពដ៏ចាំបាច់ សម្រាប់វិស័យការពារជាតិ នាពេលអនាគត»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ