កូរ៉េខាងត្បូង៖កូរ៉េខាងជើងបានបាញ់បង្ហោះកាំជ្រួចយុទ្ធសាស្ត្រចំនួនបួនគ្រាប់ ដែលជាផ្នែកនៃសមយុទ្ធយោធា ក្នុងនោះប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថាការបង្ហោះនេះ ត្រូវបានរៀបចំឡើងដើម្បីបង្ហាញពីសមត្ថភាពរបស់ខ្លួនក្នុងការធ្វើការវាយប្រហារនុយក្លេអ៊ែរ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានAljazeera នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។
ការបាញ់បង្ហោះនេះបានកើតឡើងនៅពេលដែលសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានធ្វើសមយុទ្ធយោធា ក្នុងគោលបំណងពង្រឹងការឆ្លើយតបចំពោះការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បាននិយាយថា កាំជ្រួច Hwasal-2 ចំនួន 4 គ្រាប់ត្រូវបានបាញ់ចេញពីតំបន់នៃទីក្រុង Kim Chaek ក្នុងខេត្ត North Hamgyong ឆ្ពោះទៅកាន់សមុទ្រនៅឆ្នេរសមុទ្រភាគខាងកើតនៃឧបទ្វីបកូរ៉េ។
ក្នុងនោះKCNA បាននិយាយថា ការបាញ់បង្ហោះចុងក្រោយដោយជោគជ័យបានបង្ហាញពីការត្រៀមខ្លួនសង្រ្គាមនៃកងកម្លាំងប្រយុទ្ធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ដែលកំពុងពង្រឹង "សមត្ថភាពវាយប្រហារនុយក្លេអ៊ែរដ៍សាហាវរបស់ពួកគេប្រឆាំងនឹងកងកម្លាំងអរិភាពនៅគ្រប់ទិសទី" ។
សូមបញ្ជាក់ថា កូរ៉េខាងជើងបានសាកល្បងប្រព័ន្ធកាំជ្រួចរយៈចម្ងាយឆ្ងាយជាលើកដំបូងនៅក្នុងខែកញ្ញា ឆ្នាំ 2021 ហើយចាប់តាំងពីពេលនោះមកបានពណ៌នាសព្វាវុធថាជា "យុទ្ធសាស្ត្រ" ដែលបង្ហាញថាពួកគេកំពុងត្រូវបានអភិវឌ្ឍដោយមានចេតនាបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ។