ឥណ្ឌូណេស៊ី បញ្ជាទិញយន្តហោះចម្បាំង Mirage 2000-5 ចំនួន ១២គ្រឿង ក្នុងតម្លៃជិត ៨០០លានដុល្លារ
ឥណ្ឌូណេស៊ី៖ ប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃពុធសប្តាហ៍នេះបានទទួលស្គាល់ថា ខ្លួនបានទិញយន្តហោះចម្បាំង Mirage 2000-5 ចំនួន ១២គ្រឿង ដែលប្រទេសកាតា ធ្លាប់ប្រើប្រាស់ពីមុន ដើម្បីធ្វើបច្ចុប្បន្នភាពកងកម្លាំងទ័ពអាកាស ក្រោយរងនូវការរិះគន់ពីសមាជិកសភាដែលថាយន្តហោះចម្បាំងទាំងនោះមានសភាពចាស់ៗពេក។
លោក Tubagus Hasanuddin ដែលបានលើកឡើងថា «តើអ្វី ជាភាពបន្ទាន់ដែលយើងត្រូវការទិញយន្តហោះចាស់ៗ?»។ ជាការឆ្លើយតប លោក Edwin Adrian Sumantha អ្នកនាំពាក្យរបស់ ក្រសួងការពារជាតិ បាននិយាយថា «ឥណ្ឌូណេស៊ីត្រូវការយន្តហោះចម្បាំងដែលអាចដឹកជញ្ជូនបានយ៉ាងឆាប់រហ័ស ដើម្បីគ្រប់គ្រងលើការត្រៀមខ្លួន ប្រយុទ្ធរបស់កងពលទ័ពអាកាស»។
យន្តហោះចម្បាំងនឹងត្រូវដឹកជញ្ជូនក្នុងរយៈពេល ២៤ខែ គិតចាប់ពីថ្ងៃនោះមក។ មិនមានការបញ្ជាក់អំពីអាយុកាលនៃយន្តហោះនេះទេ ប៉ុន្តែក្រសួងការពារជាតិឥណ្ឌូណេស៉ី ឲ្យដឹងថាមានការផ្តល់សេវាកម្មធានារយៈពេល ៣ឆ្នាំ និងការបណ្តុះបណ្តាល ដល់ពីឡុត។
គួរបញ្ជាក់ថា ឥណ្ឌូណេស៉ី បានស្វែងរកយូរមកហើយក្នុងការធ្វើបច្ចុប្បន្នភាព កងយន្តហោះចាស់ៗរបស់ខ្លួន ដែលរួមមានយន្តហោះ F-16 ផលិតដោយអាមេរិក យន្តហោះ Su-27 និង Su-30 របស់រុស្ស៉ី។ ឥណ្ឌណេស៉ី ក៏បានបញ្ជាទិញយន្តហោះចម្បាំង Rafale ចំនួន ៤២គ្រឿងក្នុងតម្លៃ ៨.១ពាន់លានដុល្លារកាលពីខែកុម្ភៈផងដែរ ខណៈ រដ្ឋមន្ត្រីការពារជាតិ លោក ប្រាបូវ៉ូ ស៊ូបៀនតូ ធ្លាប់បានលើកឡើងថា គម្រោងទិញយន្តហោះចម្បាំង F-15 ក៏ស្ថិតក្នុងដំណាក់កាលជឿនលឿនដែរ ហើយកំពុងរង់ចាំ ការចុះហត្ថលេខាចុងក្រោយពីរដ្ឋាភិបាល៕