ភ្នំពេញ ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក៤) ដឹកនាំដោយលោកវរសេនីយ៍ទោ ឃឹង សេរី នាយករងមន្ទីរ និងលោកវរសេនីយ៍ឯក ទេព សំផន នាយការិយាល័យ ក៤ ចូលរួមសហការពីកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបក្រុមឧក្រិដ្ឋជន ចរាចរណ៍គ្រឿងញៀនឆ្លងដែន ពីតំបន់ត្រីកោណមាស ឆ្លងកាត់ឡាវ ចូលមកកម្ពុជា ជាមួយនឹងការដកហូតបានគ្រឿងញៀនចំនួន ៤៦៥គីឡូក្រាម និង ៦៥១ក្រាម។

ការចុះបង្ក្រាបនេះបានធ្វើឡើង កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ និងដោយអនុវត្តតាមបញ្ជារបស់នាយឧត្ដមសេនិយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់លោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ។

មុនឈានដល់ការបង្ក្រាបនេះ កម្លាំងជំនាញបានស្រាវជ្រាវជាង២ខែ និងឈានបើកកិច្ចប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជន ចរាចរណ៍គ្រឿងញៀនឆ្លងដែន ពីតំបន់ត្រីកោណមាស ឆ្លងកាត់ឡាវ ចូលមកកម្ពុជា នៅពីរគោលដៅផ្សេងគ្នាជាបន្តបន្ទាប់ គោលដៅទី១ នៅមុខផ្ទះសំណាក់កណ្តាលស្ទឹងព្រែកជ្រៃ តាមផ្លូវលំ ស្ថិតភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ និងគោលដៅទី២ នៅបុរីជីបម៉ុងលែនសែនសុខ ផ្ទះលេខ 61 ផ្លូវលេខ P-08 សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

នៅក្នុងប្រតិបត្តិការនេះ បានឃាត់ខ្លួនជនសង្ស័យ ០២នាក់ ជនជាតិថៃ មានឈ្មោះ SAELEE CHALOEMRAT ភេទប្រុស កើតឆ្នាំ ១៩៩៣ និងទី២ ឈ្មោះ SAEYANG THAVON ភេទប្រុស កើតឆ្នាំ ១៩៨៩។ ចាប់យកវត្ថុតាង៖ សារធាតុញៀនប្រភេទមេតំហ្វេតាមីនចំនួន ៤៦៥ដុំ ស្មើទម្ងន់ ៤៦៥គីឡូក្រាម និង ៦៥១ក្រាម ទូរស័ព្ទ ២គ្រឿង៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ