នគរបាលអូស្ត្រាលី សន្យាបន្តពង្រឹងពង្រីកកិច្ចសហការ ជាមួយនគរបាលជាតិកម្ពុជា ឲ្យកាន់តែស្អិតរមួតបន្ថែមទៀត
ភ្នំពេញ៖ នគរបាលសហព័ន្ធអូស្រ្តាលី បានសន្យាបន្តពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការជាមួយនគរបាលជាតិកម្ពុជា ឲ្យកាន់តែស្អិតរមួតបន្ថែមទៀត ទាំងការបណ្តុះបណ្តាលមន្រ្តីអនុវត្តច្បាប់ និងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ ។
ការសន្យានេះធ្វើឡើងក្នុងឱកាសដែលលោក អែនធើនី មឹកក្វាយ នាយនគរបាលជាន់ខ្ពស់ តំណាងនគរបាលសហព័ន្ធអូស្រ្តាលី អមស្ថានទូតប្រចាំកម្ពុជាចប់អាណត្តិ និងលោកស្រី រ៉េសល ប៊ល នាយនគរបាលជាន់ខ្ពស់ តំណាងនគរបាលសហព័ន្ធអូស្រ្តាលី អមស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជាថ្មី ចូលជួបសម្តែងការគួរសម និងជម្រាបលានាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នាថ្ងៃទី១២ ខែធ្នូនេះ ។
នាឱកាសនោះនាយឧត្តមសេនីយ៍ ស ថេត បានស្នើឱ្យ លោកស្រី រ៉េសល ប៊ល បន្តកិច្ចសហការដែលមានកន្លងមកឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសបង្កើនកិច្ចសហការលើការងារបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ដើម្បីឱ្យធនធានមន្ត្រីនគរបាលជាតិសម្រេចបានស្របតាមតម្រូវការយុទ្ធសាស្ត្របច្ចកោណរបស់រាជរដ្ឋាភិបាល ក្នុងអាណត្តិទី៧ ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។
ជាការឆ្លើយតបលោក អែនធើនី មឹកក្វាយ និងលោកស្រី រ៉េសល ប៊ល បានទទួលយក និងសន្យាបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយនគរបាលជាតិកម្ពុជា ឲ្យកាន់តែស្អិតរមួតបន្ថែមទៀតទាំងការបណ្តុះបណ្តាលមន្រ្តីអនុវត្តច្បាប់ និងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ៕