ចិន៖ ប្រទេសចិនប្រកាសដំឡើងពន្ធលើទំនិញអាម៉េរិក ១២៥% ឆ្លើយតបទៅនឹងអាម៉េរិកក្រោយពីអាម៉េរិកបានប្រកាសយកពន្ធនាំចូលពីទំនិញចិនដល់ទៅ ១៤៥% វិធានការរបស់ចិន និងអាម៉េរិកនេះបានធ្វើឲ្យរង្គោះរង្គើលទីផ្សារពិភពលោកជាខ្លាំងមិនធ្លាប់កើតមានឡើង។នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

វាគឺជាចំណាត់ការបន្តសងសឹកទៅវិញរបស់ចិន បន្ទាប់ពីសេតវិមានបានបញ្ជាក់ថា អាមេរិកបានដំឡើងពន្ធគយលើទំនិញនាំចូលពីប្រទេសចិន រហូតដល់១៤៥ភាគរយ។ ទីក្រុងប៉េកាំង បានប្តេជ្ញាម្តងហើយម្តងទៀតថា ខ្លួនមិនចង់ធ្វើសង្រ្គាមពាណិជ្ជកម្មនិងពន្ធជាមួយអាមេរិកឡើយ ប៉ុន្តែក៏មិនខ្លាចញញើតនោះដែរ ហើយនឹងកំដរទីក្រុងវ៉ាស៉ីនតោនរហូតដល់ទីបញ្ចប់ ប្រសិនបើអាមេរិកនៅតែបន្តការគំរាមកំហែងពន្ធរបស់ខ្លួន។

គួរបញ្ជាក់ថា លោក ត្រាំ កាលពីថ្ងៃពុធ ទី៩ ខែមេសា បានប្រកាសផ្អាកការយកពន្ធគយបដិការ (reciprocal tariff) កម្រិតខ្ពស់លើប្រទេសច្រើនជាង៧០ រយៈពេល៩០ថ្ងៃ ដើម្បីបើកផ្លូវចរចា ហើយកំណត់យកពន្ធ ១០ភាគរយជាសកលលើគ្រប់ប្រទេស លើកតែចិនមួយចេញ ក្រោមហេតុផលថា ទីក្រុងប៉េកាំង បានហ៊ានចាត់វិធានការដំឡើងពន្ធ សងសឹកតបលើអាមេរិក៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ