បាងកក៖ មហាសេដ្ឋីថាក់ស៊ីនវ័យ ៧៤ឆ្នាំ និងជាអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយជំងឺលើសឈាម និងថប់ទ្រូងក្នុងរយៈពេលត្រឹមតែប៉ុន្មានម៉ោងនៃការវិលត្រឡប់ចូលប្រទេសថៃវិញនៅថ្ងៃទី ២២ ខែសីហាឆ្នាំ ២០២៣ បន្ទាប់ពីការនិរទេសខ្លួននៅក្រៅប្រទេសរយៈពេលជាង១៥ឆ្នាំ។
ដំបូងឡើយ លោកត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៨ឆ្នាំ ពីបទរំលោភអំណាច។ ព្រះមហាក្សត្រថៃ មហា វិជ្ជរ៉ាឡុងកន បានសម្រាលទោសរបស់អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា ពីត្រូវជាប់ពន្ធនាគាររយៈពេលប្រាំបីឆ្នាំមកត្រឹមមួយឆ្នាំវិញ។ ព្រះរាជក្រឹត្យបានរៀបរាប់ថា៖«លោក ថាក់ស៊ីន ព្រមទទួលកំហុសរបស់គាត់ ហើយបានបង្ហាញពីវិប្បដិសារីដែលបានធ្វើដូច្នោះ»។ ព្រះរាជក្រឹត្យ បន្ថែមថា អតីតនាយករដ្ឋមន្ត្រីរូបនេះក៏កំពុងមានជំងឺប្រចាំកាយផងដែរ។
ទន្ទឹមគ្នានេះ មន្រ្តីនាយកដ្ឋានអប់រំនិងកែប្រែ បានអនុញ្ញាតឱ្យអតីតនាយករដ្ឋមន្ត្រីរូបនេះបន្តការស្នាក់នៅក្នុងមន្ទីរពេទ្យប៉ូលិសដោយលើកឡើងពីតម្រូវការតាមដានសុខភាពរបស់លោក។ តំណាងអ្នកទទួលបន្ទុកបានទៅពិនិត្យនៅមន្ទីរពេទ្យអគ្គស្នងការប៉ូលិសរួចហើយ ហើយបានជួបលោក ថាក់ស៊ីនកំពុងស្ថិតក្នុងមន្ទីរពេទ្យពិតមែន។ ទីប្រឹក្សារដ្ឋមន្ត្រីក្រសួងយុត្តិធម៌រូបនេះសង្កត់ធ្ងន់ថា លោកក៏ជឿថា លោក ថាក់ស៊ីន នៅតែស្ថិតក្នុងមន្ទីរពេទ្យ។ លោកមិនបានចេញមកស្នាក់នៅក្នុងផ្ទះរបស់លោក ដូចដែលមនុស្សមួយចំនួនដាក់ការសង្ស័យនោះទេ។
គួរបញ្ជាក់ថា លោក ថាក់ស៊ីន ត្រូវបានរបបយោធាចោទប្រកាន់ពីបទពុករលួយ បក្សពួកនិយម និងរំលោភអំណាច ហើយបានធ្វើរដ្ឋប្រហារទម្លាក់លោកចេញពីអំណាចតែម្ដង។ ក្នុងខែសីហាឆ្នាំ ២០២៣ លោក ថាក់ស៊ីន បានវិលចូលប្រទេសវិញ៕
អត្ថបទទាក់ទង
-
នាយករដ្ឋមន្រ្តីថៃប្រកាសបម្រាមគោចរ
-
ថៃហាមមិនឲ្យមានការលក់ដូរគ្រឿងស្រវឹង