SEOUL៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍ថា ប្រទេសកូរ៉េខាងជើង កាលពីថ្ងៃព្រហស្បតិ៍បានចោទប្រកាន់ សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង ពីការកើនឡើងភាពតានតឹងដែលខិតទៅរក សង្គ្រាមនុយក្លេអ៊ែរ តាមរយៈសមយុទ្ធយោធារួមគ្នារបស់ពួកគេ ដោយប្តេជ្ញាថានឹងឆ្លើយតបជាមួយនឹង "សកម្មភាពវាយលុក"។
ជាក់ស្តែង KCNA បានចេញផ្សាយការអត្ថាធិប្បាយដោយ លោក Choe Ju Hyon ដែលជាអ្នកវិភាគសន្តិសុខអន្តរជាតិ ដោយរិះគន់សមយុទ្ធនេះថាជា "ការជំរុញឱ្យស្ថានការណ៍នៅលើឧបទ្វីបកូរ៉េឈានដល់ការផ្ទុះឡើង" ។
អត្ថបទនេះបាននិយាយថា "ភាពច្របូកច្របល់ក្នុងការប្រឈមមុខដាក់គ្នាខាងយោធាដោយមិនប្រុងប្រយ័ត្នរបស់សហរដ្ឋអាមេរិក និងអ្នកដើរតាមរបស់ខ្លួនប្រឆាំងនឹងកូរ៉េខាងជើង កំពុងជំរុញឱ្យស្ថានការណ៍នៅលើឧបទ្វីបកូរ៉េទៅជាមហន្តរាយដែលមិនអាចត្រឡប់វិញបាន ... ដល់ទីបញ្ចប់នឹងឈានដល់សង្រ្គាមនុយក្លេអ៊ែរ" ។ ហើយបន្ថែមទៀតថា "ឥឡូវនេះសហគមន៍អន្តរជាតិសង្ឃឹមថា ពពកខ្មៅងងឹតនៃសង្រ្គាមនុយក្លេអ៊ែរដែលព្យួរនៅលើឧបទ្វីបកូរ៉េនឹងត្រូវដកចេញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន"។
យ៉ាងណាម៉ិញ កងកម្លាំងអាមេរិក និងកូរ៉េខាងត្បូង បាននិងកំពុងធ្វើសមយុទ្ធនារដូវផ្ការីកប្រចាំឆ្នាំជាបន្តបន្ទាប់ ចាប់តាំងពីខែមីនា រួមទាំងសមយុទ្ធផ្លូវអាកាស និងសមុទ្រ ដែលពាក់ព័ន្ធនឹងនាវាផ្ទុកយន្តហោះរបស់សហរដ្ឋអាមេរិក និងយន្តហោះទម្លាក់គ្រាប់បែក B-1B និង B-52 និងសមយុទ្ធចុះចតជាលក្ខណៈទ្រង់ទ្រាយធំជាលើកដំបូងរបស់ពួកគេក្នុងរយៈពេល ៥ឆ្នាំ មកនេះ។
ចំណែកឯ កូរ៉េខាងជើងបានបញ្ចេញប្រតិកម្មយ៉ាងខឹងសម្បារចំពោះសមយុទ្ធនេះ ដោយហៅពួកគេថាជាការហាត់សមសម្រាប់ការឈ្លានពាន។
ជាងនេះទៀតការផ្សាយរបស់ KCNA ដាច់ដោយឡែកមួយបានអោយដឹងថា លោក Han Tae Song តំណាងអចិន្ត្រៃយ៍នៃបេសកកម្មការទូតរបស់កូរ៉េខាងជើងនៅទីក្រុងហ្សឺណែវ បានថ្កោលទោសយ៉ាងខ្លាំងចំពោះដំណោះស្រាយប្រចាំឆ្នាំដែលត្រូវបានអនុម័តក្នុងសប្តាហ៍នេះដោយក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិរបស់ប្រទេស។ ទីក្រុងព្យុងយ៉ាងបានច្រានចោលការរិះគន់អន្តរជាតិជាយូរមកហើយអំពីការរំលោភសិទ្ធិមនុស្សរបស់ខ្លួនថា ជាផែនការដឹកនាំដោយសហរដ្ឋអាមេរិកដើម្បីផ្ដួលរំលំរបបរបស់ខ្លួន។
លោក Han Tae Song បានហៅដំណោះស្រាយនេះថាជា "ទង្វើដែលមិនអាចអត់ឱនបាននៃការញុះញង់ផ្នែកនយោបាយ និងអរិភាព" និង "ឯកសារដែលមានលក្ខណៈនយោបាយខ្លាំងបំផុតនៃការក្លែងបន្លំ"។ NR