បរទេស ៖ តាមរយៈឃ្លីបវីដេអូមួយបង្ហោះនៅលើគណនីហ្វេសបុកផ្លូវការរបស់លោក លោក Duterte បានលើកឡើងយ៉ាងដូច្នេះថា «អ្វីៗទាំងឡាយដែលបានកើតឡើង កាលពីអតីតកាល ខ្ញុំនឹងឈរនៅខាងមុខប៉ូលិសនិងទាហានរបស់យើង»។នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

លោក Duterteបន្តទៀតថា« ខ្ញុំធ្លាប់និយាយរួចហើយថា ខ្ញុំនឹងការពារអ្នក ហើយខ្ញុំនឹងទទួលខុសត្រូវ សម្រាប់គ្រប់យ៉ាង។ នេះនឹងជាដំណើរការផ្លូវច្បាប់ដ៏យូរមួយ ប៉ុន្តែខ្ញុំចង់ប្រាប់ថា ខ្ញុំនឹងនៅតែបន្តបម្រើប្រទេសរបស់ខ្ញុំ ហើយខ្ញុំនឹងទទួលយករឿងនេះ ប្រសិនបើវាគឺជាវាសនារបស់ខ្ញុំ។ ខ្ញុំមិនអីទេ ចូរកុំនាំគ្នាបារម្ភ»។

លោក Rodrigo Duterte បាននិយាយថា លោករ៉ាប់រងទទួលខុសត្រូវទាំងស្រុង សម្រាប់សង្រ្គាមបង្រ្កាបគ្រឿងញៀន នៃរដ្ឋាភិបាលរបស់លោក លោកកំពុងតតាំងរឿងក្តីមានរយៈពេលយូរ នៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC)។ 

គួរបញ្ជាក់ថា នាពេលនេះ លោក Duterte កំពុងស្ថិតក្រោមការឃុំឃាំងរបស់តុលាការ ICC នៅប្រទេសហូឡង់ ក្រោយត្រូវបញ្ជូនតាមយន្តហោះឯកជន មកពីប្រទេសហ្វីលីពីន ជាទីដែលរូបលោកត្រូវបានចាប់ខ្លួននៅទីក្រុងម៉ានីល តាមដីការបស់ ICC ពាក់ព័ន្ធសង្រ្គាមបង្រ្កាបគ្រឿងញៀន ដែលបានសម្លាប់អ្នកប្រើប្រាស់និងជួញដូររាប់ពាន់នាក់។ លោកនឹងត្រូវបង្ហាញខ្លួននៅតុលាការ ICC ក្នុងទីក្រុងឡាអេ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ។យោងតាមតួលេខផ្លូវការរបស់ប៉ូលិសហ្វីលីពីន អំឡុងពេលកាន់អំណាច៦ឆ្នាំរបស់លោក ជនសង្ស័យសរុប៦២០០នាក់ ត្រូវបានសម្លាប់ អំឡុងប្រតិបត្តិការប្រឆាំងគ្រឿងញៀន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ