ភ្នំពេញ ៖ ក្រសួងធនធាន និងឧតុនិយម បានបញ្ជាក់ថា តំបន់មួយរបស់កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់នៅតាមតំបន់មួយលាយឡំជាមួយបាតុភូតផ្គរ រន្ទះនិងខ្យល់កន្ត្រាក់។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤បានឲ្យដឹងថាសម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។
ក្រសួងថាស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤នៅតាមតំបន់វាលទំនាប មានសីតុណ្ហភាពអប្បបរមា២៥°C និងសីតុណ្ហភាពអតិបរមា៣៦°C។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតី មានល្បឿនមធ្យម៣,៥ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ សៀមរាប បាត់ដំបង កំពង់ចាម ស្វាយរៀង ព្រៃវែង កណ្តាល តាកែវ និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី២០%។
ចំណែកឯនៅតំបន់ខ្ពង់រាបមានសីតុណ្ហភាពអប្បបរមា២៤°C និងសីតុណ្ហភាពអតិបរមា៣៧°C។ ខ្យល់បក់មកពីទិសបស្ចិម និងទិសនិរតី មានល្បឿនមធ្យម៣ម៉ែត្រ/វិនាទី។ ខេត្តឧត្តរមានជ័យ ព្រះវិហារ ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង ប៉ៃលិន និងតំបន់ជួរភ្នំក្រវាញអាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី២៥%។
ដោយឡែកតំបន់មាត់សមុទ្រមានសីតុណ្ហភាពអប្បបរមា២៤°C និងសីតុណ្ហភាពអតិបរមា៣៥°C។ ខ្យល់បក់មកពីទិសនិរតី មានល្បឿន មធ្យម២,៥ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី១៥%។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ៕