គ.ជ.ប អំពាវនាវដល់គណបក្សនយោបាយ បេក្ខជន និងគាំទ្រ ត្រូវគោរពក្រមសីលធម៌ ក្នុងពេលឃោសនាបោះឆ្នោត ដើម្បីឲ្យប្រព្រឹត្តទៅដោយសន្ដិវិធី
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវដល់គណបក្សនយោបាយ បេក្ខជន អ្នកគាំទ្រគណបក្សនយោបាយទាំងអស់ ត្រូវតែគោរពតាមក្រមសីលធម៌ និងគោលការណ៍នានា ដើម្បីឱ្យការឃោសនាបោះឆ្នោត ប្រព្រឹត្តទៅដោយ សន្តិវិធី អហិង្សា សន្តិសុខ និងសុវត្ថិភាព។
ឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មានរយៈពេល ២១ថ្ងៃ ចាប់ពីថ្ងៃទី១-២១ ខែកក្កដា ឆ្នាំ២០២៣ ហើយមានគណបក្សនយោបាយចំនួន ១៨ បានចូលរួមបោះឆ្នោត នាពេលខាងមុខនេះ។
យោងតាមសេចក្ដីអំពាវនាវរបស់ គ.ជ.ប នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ បានឲ្យដឹងថា តាមច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ (ច.ប.ត.រ) ការឃោសនាបោះឆ្នោតមានទិសដៅឲ្យគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោត ធ្វើការផ្សព្វផ្សាយកម្មវិធីនយោបាយ របស់ខ្លួនជូនអ្នកបោះឆ្នោត។ ការឃោសនាបោះឆ្នោត គឺជាសកម្មភាពមួយចំនួនដែលត្រូវធ្វើជាសាធារណៈ ដើម្បីបញ្ចុះបញ្ចូលអ្នកបោះឆ្នោតឲ្យបោះឆ្នោតគាំទ្របេក្ខជន ឬគណបក្សនយោបាយណាមួយ។
គ.ជ.ប បានបញ្ជាក់ថា «សូមអំពាវនាវដល់គណបក្សនយោបាយ បេក្ខជន អ្នកគាំទ្រគណបក្សនយោបាយទាំងអស់ ត្រូវតែ គោរពតាមវិធាន បទប្បញ្ញត្តិ និងគោលការណ៍ដែលមានចែងក្នុង ច.ប.ត.រ គោរពតាមបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ក្រមសីលធម៌ និងគោលការណ៍នានា ដែលបានកំណត់ដោយ គ.ជ.ប ដើម្បីឱ្យការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយប្រព្រឹត្តទៅដោយ សន្តិវិធី អហិង្សា សន្តិសុខ និងសុវត្ថិភាព»។គ.ជ.ប ក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវប្រកាន់ជំហរអព្យាក្រឹត ឥតលម្អៀងក្នុងសកម្មភាព ការងាររបស់ខ្លួន និងត្រូវសម្របសម្រួលទីកន្លែង ផ្លូវ ពេលវេលា ដើម្បីឲ្យគណបក្សនយោបាយនីមួយៗ អាចអនុវត្ត កម្មវិធីឃោសនាបោះឆ្នោត និងការហែក្បួនឃោសនាបោះឆ្នោតរបស់ខ្លួនប្រព្រឹត្តទៅដោយស្មើភាពគ្នា។
គ.ជ.ប ក៏សង្ឃឹមយ៉ាងមុតមាំថា គ្រប់គណបក្សនយោបាយ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធ នឹងចូលរួមសហការតាមការអំពាវនាវក្នុងស្មារតីទទួលខុសត្រូវខ្ពស់ដោយគោរពច្បាប់ជាធរមាន ដើម្បីឲ្យការឃោសនា បោះឆ្នោតនេះ ប្រព្រឹត្តទៅដោយរលូន និងធានាបាននូវសិទ្ធិរបស់គណបក្សនយោបាយ និងសិទ្ធិជាមូលដ្ឋាន របស់ប្រជាពលរដ្ឋ៕EB