បាងកក៖ ក្រសួងសុខាភិបាលសាធារណៈរបស់ប្រទេសថៃកំពុងរៀបចំផ្តល់វ៉ាក់សាំងការពារជំងឺគ្រុនផ្តាសាយបន្ថែមចំនួន 200,000 ដូសដល់កម្មករផ្នែកដឹកជញ្ជូនសាធារណៈ និងឧស្សាហកម្មទេសចរណ៍ទូទាំង ៣១ ខេត្ត។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The Nation នៅថ្ងៃទី ១០ ខែមករា ឆ្នាំ២០២៤។ 

វេជ្ជបណ្ឌិត Thongchai Keeratihuttayakorn អគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងជំងឺ (DDC) បាននិយាយកាលពីថ្ងៃទី ៨ ខែមករាថា កម្មវិធីចាក់វ៉ាក់សាំងនេះមានគោលបំណងកាត់បន្ថយការរីករាលដាលនៃមេរោគ និងគាំទ្រដល់វិស័យទេសចរណ៍។ យោងតាមស្ថិតិរបស់ DDC ការឆ្លងជំងឺគ្រុនផ្តាសាយសរុបចំនួន ៥សែននាក់ និងការស្លាប់ចំនួន ២៩នាក់ត្រូវបានកត់ត្រាកាលពីឆ្នាំមុន ដោយមេរោគគ្រុនផ្តាសាយប្រភេទ A ។


ក្នុងនោះ ខេត្ត រ៉ាយ៉ុង ផាយ៉ាវ ភូកេត បាងកក និងឈៀងម៉ៃ ឃើញចំនួនអ្នកឆ្លងច្រើនជាងគេ ហើយក្រុមអ្នកជម្ងឺធំជាងគេគឺអាយុ ៥-៩ ឆ្នាំ។ ការឆ្លងត្រូវបានរាយការណ៍ភាគច្រើននៅក្នុងទីក្រុងធំដែលមានចំនួនប្រជាជនក្រាស់។មុននេះ DDC បាននិយាយថា គ្រុនផ្តាសាយ គ្រុនឈាម និង កូវីដ១៩ គឺជាជំងឺឆ្លងដែលរីករាលដាលបំផុតនៅក្នុងប្រទេសថៃក្នុងឆ្នាំ២០២៣៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ