បញ្ជូនជនជាតិថៃ៦នាក់ ដែលបង្កហិង្សាដោយចេតនា ទៅលើពលរដ្ឋខ្មែរ២នាក់ទៅកាន់តុលាការ
ខេត្តបន្ទាយមានជ័យ ៖ ជនជាតិថៃ ចំនួន០៦នាក់ ត្រូវបានឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ក្រោយពីបង្កហិ.ង្សាដោយចេតនា ទៅលើពលរដ្ឋខ្មែរ២នាក់ និងអ្នកចូលជួយឃាត់ម្នាក់ទៀត កាលពីវេលាម៉ោង០៩និង៣០នាទីព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចផ្សារយួន ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ជាជនជាតិថៃទាំង០៦នាក់ រួមមាន ៖
១-ឈ្មោះ SURADAT OUNPENG ភេទប្រុស អាយុ១៩ឆ្នាំ
២-ឈ្មោះ NAKARIN ARKAROS ភេទប្រុស អាយុ២២ឆ្នាំ
៣-ឈ្មោះ PARINTORN JIIESAk ភេទប្រុស អាយុ២០ឆ្នាំ
៤- ឈ្មោះ ISSARA SAIROONG ភេទប្រុស អាយុ២១ឆ្នាំ
៥- ឈ្មោះTHANAPAT MUSIPAT ភេទប្រុស អាយុ២១ឆ្នាំ
៦- ឈ្មោះ SITTICHAI WONGLAKORN ភេទប្រុស អាយុ២៣ឆ្នាំ ។
ប្រភពពីមន្ត្រីនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា នៅថ្ងៃកើតហេតុ ជនជាតិថៃមួយក្រុម ប្រដាប់ដោយកាំបិត ដំបងជ្រុង ដុំថ្ម បានធ្វើសកម្មភាពគប់ វាយទៅលើភាគីម្ខាងទៀត ជាប្រជាពលរដ្ឋខ្មែរមួយក្រុម ភ្លាមនោះកម្លាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ឃាត់បានជនជាតិថៃ បានចំនួន៦នាក់ យកមកអធិការដ្ឋានដើម្បីសួរនាំ ។
ប្រភពដដែល បានបញ្ជាក់ថា ក្រោយពីការទទួលបណ្តឹងពីជនរងគ្រោះ និងសួរនាំជនសង្ស័យជាជនជាតិថៃ ទាំង០៦នាក់ បានឆ្លើយសារភាពពួកខ្លួន ពិតជាបានស្ថិតនៅក្នុងកន្លែងកើតហេតុ ដោយមានកាន់ដុំថ្ម និងដំបងជ្រុង ពិតប្រាកដមែន។បច្ចុប្បន្ន ជនជាតិថៃទាំង០៦នាក់ ឃាត់ខ្លួនបណ្ដោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តបន្តតាមនិតិវិធី ៕