សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ ប្រទេសមួយខ្លាំង ទាល់តែប្រជាជនរស់រវើក និងចេះឆក់យកឱកាស ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន
កណ្ដាល ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ប្រទេសមួយខ្លាំង ទាល់តែប្រជាជនរស់វើក និងមានសមត្ថភាព សុខភាពរឹងមាំ ហើយចេះឆក់យកឱកាសពង្រឹងសមត្ថភាពរបស់ខ្លួន ទើបប្រទេសរឹងមាំ។
ក្នុងជំនួបសំណេះសំណាលជាមួយកម្មករ និយោជិតប្រមាណ ១៨,១៩០នាក់ មកពីបណ្តារោងចក្រ សហគ្រាសចំនួន២៩ ក្នុងខេត្តកណ្តាល នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា រាជរដ្ឋាភិបាលបានកំណត់គោលដៅឆ្នាំ២០៥០ កម្ពុជាក្លាយជាប្រទេសរីកចម្រើន។ សម្ដេចបន្តថា គោលដៅរបស់រាជរដ្ឋាភិបាល គឺដើម្បីជាតិ និងប្រជាជនកម្ពុជា ដែលជាអ្នកកំណត់ជោគវាសនាប្រទេស។
សម្ដេច គូសបញ្ជាក់ថា «ប្រទេសយើងខ្លាំង ទាល់តែប្រជាជនរស់វើក ទាល់តែប្រជាជនមានសមត្ថភាព មានសុខភាពរឹងមាំ ហើយសំខាន់ចេះឆក់យកឱកាស ពង្រឹងសមត្ថភាពខ្លួន ពង្រឹងជីវភាពរស់នៅរបស់ខ្លួន ទើបប្រទេសយើងរឹងមាំ»។
សម្ដេច បន្ថែមថា ប្រទេសជាតិប្រៀបដូចភោជនីយដ្ឋាន ឬហាងមួយដែរ ជោគជ័យ ត្រូវមានអតិថិជនច្រើន មានចំណូលច្រើន និងពង្រីកសាខាទៅកាន់តំបន់ផ្សេងៗ ដើម្បីជោគជ័យទាំងនេះ គឺត្រូវមានសុខសុវត្ថិភាព មានផាសុខភាព ការធ្វើដំណើរងាយស្រួល បរិស្ថានរស់នៅ និងការបំពេញការងារស្រួល ព្រមទាំងមានភាពរួសរាយរាក់ទាក់ មានសុខភាពល្អ មានជំនាញវិជ្ជាជីវៈ មានសមត្ថភាពគ្រប់គ្រាន់បំពេញគ្រប់តម្រូវការ៕EB