លទ្ធផលជំរឿនសត្វត្មាត ឆ្នាំ២០២២ បង្ហាញថា ចំនួនសត្វត្មាតក្នុងព្រៃធម្មជាតិកម្ពុជា មានការកើនឡើង
ភ្នំពេញ ៖ លទ្ធផលជំរឿនសត្វត្មាត ឆ្នាំ២០២២ បានបង្ហាញថា ស្ថានភាពសត្វត្មាតកម្ពុជាក្នុងឆ្នាំ ២០២២ កន្លងទៅ កាន់តែមានសញ្ញាណវិជ្ជមាន ដោយមានការកើនឡើង ១៣ក្បាល បើធៀបនឹងឆ្នាំ២០២១ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ ក្រុមការងារអភិរក្សសត្វត្មាតកម្ពុជា។
យោងតាមសារតេឡេក្រាមរបស់ ក្រសួងបរិស្ថាន នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា «ចាំបាច់ ទាមទារនូវការបង្កើនការយកចិត្តទុកដាក់ពីគ្រប់ភាគី ក្នុងការការពារ និងអភិរក្សសត្វកម្រនេះបន្ថែមទៀត។ នៅឆ្នាំ ២០២២ ជំរឿន បានបង្ហាញលទ្ធផលថា កម្ពុជាមានសត្វត្មាតទាំង ៣ ប្រភេទសរុបចំនួន ១៣៤ ក្បាល ក្នុងនោះ រួមមាន ត្មាតផេះ ៧១ ក្បាល ត្មាតត្នោត ៤៤ ក្បាលនិងត្មាតភ្លើងចំនួន ១៩ក្បាល»។
ក្រសួង បន្ដថា ចំនួនសត្វត្មាត មានការកើនឡើងចំនួន១៣ ក្បាលបើប្រៀបធៀបនឹងឆ្នាំ ២០២១ ដែលមានចំនួន ១២១ ក្បាល។ លទ្ធផល ជំរឿនសត្វត្មាតថ្នាក់ជាតិឆ្នាំ ២០២១ បានបង្ហាញថា សត្វត្មាត មានចំនួន សរុបចំនួន ១២១ ក្បាល ក្នុងនោះ មាន ត្មាតភ្លើង ២០ ក្បាល ត្មាតផេះ ៦៦ ក្បាល និងត្មាតត្នោត ៣៥ ក្បាល។
សូមរំលឹកថា សមាជិកស្នូលនៃក្រុមអភិរក្សសត្វត្មាតកម្ពុជា (CVWG) រួមមាន ក្រសួងបរិស្ថាន (MoE) ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ(MAFF) មជ្ឈមណ្ឌលអង្គរសម្រាប់អភិរក្សជីវៈចម្រុះ (ACCB) អង្គការជីវិតធម្មជាតិនៅកម្ពុជា (BirdLife in Cambodia) អង្គការសមាគមអភិរក្សសត្វព្រៃ(WCS) អង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ (WWF) ក្រុមហ៊ុនRising Phoenix និងសមាជិកសាមញ្ញរួមមាន សមាគមមគ្គុទ្ទេសក៍បក្សីកម្ពុជា(CBGA) សំ វាសនា ខន់សឺវេសិនធួរ (SVC) និងមជ្ឈមណ្ឌលអភិរក្សជីវៈចម្រុះ (CBC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងដៃគូពាក់ព័ន្ធបានធ្វើការងារលើការអភិរក្សសត្វត្មាតនៅកម្ពុជា៕EB