សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ កម្រិតនយោបាយ ត្រូវតែនិយាយបង្ហាញអំពីគោលនយោបាយ ឲ្យពលរដ្ឋបានយល់ដឹង
កណ្ដាល ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឆ្លើយតបទៅកាន់អ្នកលើកឡើងមួយចំនួនថា ក្នុងរយៈពេល ២ខែមកនេះ សម្ដេចឃើញតែនិយាយ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្រិតនយោបាយ ត្រូវតែនិយាយបង្ហាញអំពីគោលនយោបាយ ឲ្យប្រជាពលរដ្ឋបានយល់ដឹង។
ការឆ្លើយតបនេះ ធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-និយោជិត នៅតាមបណ្តារោងចក្រ សហគ្រាសដែលមានមូលដ្ឋាន ក្នុងស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការចុះជួបកម្មករ-និយោជិត ជាបន្តបន្ទាប់មកនេះ គឺដើម្បីសួរសុខទុក្ខផង និងដើម្បីផ្សព្វផ្សាយនូវ គោលនយោបាយ របស់រាជរដ្ឋាភិបាលមួយចំនួនផង។ មានអ្នកលើកឡើងមួយចំនួនថា ក្នុងរយៈពេល ២ខែកន្លងមកនេះ នាយករដ្ឋមន្ត្រី ឃើញតែនិយាយសុទ្ធ។ ត្រង់ចំណុចនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្រិតនយោបាយ ត្រូវតែនិយាយបង្ហាញអំពីគោលនយោបាយ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះថា «ខ្ញុំឃើញមានការលើកឡើងមួយចំនួនថា នាយករដ្ឋមន្ត្រី ២ខែនេះ ឃើញ តែនិយាយសុទ្ធ ហ្អាកកម្រិតនយោបាយ ត្រូវតែនិយាយដាក់ចេញនូវគោលនយោបាយ បើមិនឲ្យយើងប្រាប់ប្រជាពលរដ្ឋ ម្ចាស់ប្រទេសថា រដ្ឋាភិបាលត្រូវធ្វើអីជូនឲ្យបងប្អូនត្រូវធ្វើម៉េច»។
សម្ដេច នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការងារអ្វីមួយ ត្រូវធ្វើតាមជំហាន តាមកម្រិត ដែលត្រូវរៀបចំផែនការ និងរៀបចំ គោលនយោបាយជាដើម ដោយមិនមែនចេះតែធ្វើនោះទេ៕EB