អ៊ីស្រាអែល ៖ ប៉ូលិសអ៊ីស្រាអែលថា ខ្មាន់កាំភ្លើងប៉ាឡេស្ទីន២នាក់ បានបើកការបាញ់ប្រហារលើចំណតរថយន្តក្រុងមួយ អំឡុងពេលព្រឹកដ៏មមាញឹកថ្ងៃព្រហស្បតិ៍នេះ នៅឯច្រកចូលមកទីក្រុងហ៊្សេរុយសាឡិម បណ្តាលឲ្យមនុស្ស ៣នាក់ស្លាប់និងរបួស ៦នាក់ផ្សេងទៀត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក Doron Turgeman មេបញ្ជាការប៉ូលិសសង្កាត់ នៃទីក្រុងហ៊្សេរុយសាឡិម បានប្រាប់អ្នកយកព័ត៌មាននៅកន្លែងកើតហេតុថា ខ្មាន់កាំភ្លើងមកពីក្រុងហ្ស៊េរុយសាឡិមខាងកើត។ ចំណែក ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅអ៉ីស្រាអែល លោក Jack Lew បានថ្កោលទោសការបាញ់ប្រហារនេះថា «ជាភេរវកម្មដ៏គួរឲ្យស្អប់ខ្ពើម»។

សម្រាប់អំពើហិង្សានេះ កើតមានឡើងនៅពេលដែលអ៉ីស្រាអែល និងក្រុមហាម៉ាស់ បានព្រមព្រៀងគ្នានៅនាទីចុងនៃថ្ងៃព្រហស្បតិ៍នេះ ដើម្បីបន្តបទឈប់បាញ់រយៈពេល ៦ថ្ងៃរបស់ពួកគេនៅតំបន់ហ្គាហ្សា ដើម្បីអនុញ្ញាតឲ្យក្រុមអ្នកចរចាបន្តធ្វើការ ដើម្បីផ្លាស់ប្តូរចំណាប់ខ្មាំង ជាមួយអ្នកទោសប៉ាឡេស្ទីន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ