CLA យកចិត្តទុកដាក់ខ្លាំងលើផ្នែកកសិកម្ម និងស្ម័គ្រចិត្តចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីលើកស្ទួយវិស័យកសិកម្ម
ភ្នំពេញ ៖ លោក ស៊ិន ចន្ធី ប្រធានសមាគមភស្ដុភារកម្មកម្ពុជា (CLA) បានថ្លែងថា CLA យកចិត្តទុកដាក់ជាខ្លាំងលើផ្នែកកសិកម្ម ក្នុងគោលបំណងជំរុញឱ្យវិស័យនេះកាន់តែរីកចម្រើន ព្រមទាំងស្ម័គ្រចិត្តចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីលើកស្ទួយវិស័យនេះផងដែរ។
ក្នុងកម្មវិធីជំនួបពិភាក្សា ស្ដីពីនីតិវិធីនាំចេញ នាំចូលទំនិញកសិកម្ម កិច្ចសម្រួលពាណិជ្ជកម្ម និងឱកាសទីផ្សាររបស់ភាគីពាក់ព័ន្ធ លោក ស៊ិន ចន្ធី បានថ្លែងបញ្ជាក់ថា «កម្មវិធីថ្ងៃនេះជំនួបពិភាក្សាផ្នែកកសិកម្មនេះ ត្រូវបានរៀបចំឡើងរយៈកាល ៤ឆ្នាំជាប់គ្នាដោយក្នុងមួយឆ្នាំយ៉ាងហោចណាស់ ១ដង ទោះបីជាក្នុងស្ថានភាពកូវីដ ក៏យើងនៅតែឆ្លៀតរៀបចំតាមរយៈអនឡាញខ្លះ។ សមាគម CLA យកចិត្តទុកដាក់ខ្លាំងលើផ្នែកកសិកម្ម ក្នុងគោលបំណងជំរុញឱ្យវិស័យនេះកាន់តែរីកចម្រើន ក្នុងនាមយើងខ្ញុំ ជាវិស័យឯកជនស្ម័គ្រចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីចូលរួមលើកស្ទួយវិស័យនេះ»។
លោក បានបន្ដថា រយៈកាល ៤ឆ្នាំជាប់គ្នាដែលសមាគមភស្តុភារកម្ម ផ្ដើមធ្វើកម្មវិធីជំនួបពិភាក្សាលើវិស័យកសិកម្មនេះ ឃើញថាតែងតែមាន ការចូលរួមកុះករ និងយ៉ាងយកចិត្តទុកដាក់ពីវិស័យឯកជនក៏ដូចជារាជរដ្ឋាភិបាល។ ដោយឡែកឆ្នាំនេះកាន់តែពិសេសទៅទៀតដោយមានការចូលរួមពីដៃគូរសហការរបស់យើងគឺសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា ធ្វើឱ្យគោលបំណង នៃកម្មវិធីកាន់តែអធិកអធម។
លោក បន្ថែមថា ទោះជាយ៉ាងណា ក៏មិនភ្លេចអរគុណសម្រាប់ការយកចិត្តទុកដាក់របស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលតែងតែផ្ដល់កិត្តិយសថ្នាក់ដឹកនាំចូលរួម និងចែករំលែកព័ត៌មានរហូតមក លើសពីនេះ ក្រសួងពាណិជ្ជកម្ម ក៏តែងតែសហការចូលរួមយ៉ាងសកម្មជាមួយរហូតមក។ ឆ្នាំនេះ កាន់តែប្រសើរជាងមុននោះ គឺមានការចូលរួមពីតំណាងអគ្គនាយក ដ្ឋានគយ និងរដ្ឋាករកម្ពុជា។
លើសពីនេះ លោកប្រធានសមាគម ក៏បានសង្ឃឹមនិងជឿជាក់ថា កម្មវិធីថ្ងៃនេះនឹងទទួលបានផ្លែផ្កាគួរជាទីគាប់ចិត្តពីព្រោះ មានភាគីពាក់ព័ន្ធស្ទើរតែគ្រប់ស្ថានប័ន្ធចូលរួម សូមភ្ញៀវកិត្តិយសទាំងមេត្តាយកចិត្តទុកដាក់ក្រេមយកព័ត៌មានល្អ ដែលវាលគ្មិនទាំងអស់នឹងចែករំលែកនៅពេលបន្តិចទៀតនេះ៕EB