សមាគមភស្ដុភារកម្មកម្ពុជា សហការជាមួយ ក្រុមហ៊ុន ហ្វូណន ខនសាល់ធីង រៀបចំវេទិកា គណនេយ្យ និងពន្ធដារ
ភ្នំពេញ ៖ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ សមាគមភស្ដុភារកម្មកម្ពុជា (CLA) និងក្រុមហ៊ុន ហ្វូណន ខនសាល់ធីង ឯ.ក បានសហការគ្នារៀបចំវេទិកា «គណនេយ្យ និងពន្ធដារ» ក្នុងគោលបំណង ដើម្បីស្វែងយល់ពីផ្នែកគណនេយ្យ និងពន្ធដារ ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។
ជាកិច្ចចាប់ផ្តើមនៃអង្គពិធី លោក អ៊ីវ វាសនា អគ្គលេខាធិការ និងជាប្រធានក្រុមការងារបច្ចេកទេសគណនេយ្យ និងពន្ធដារ សមាគមភស្ដុភារកម្មកម្ពុជា បានឡើងមានចំណាប់អារម្មណ៍ និងមតិស្វាគមន៍របស់ លោកឧកញ៉ា ស៊ិន ចន្ទី ប្រធានសមាគមភស្ដុភារកម្មកម្ពុជា ទៅកាន់អ្នកចូលរួម។
ក្នុងអង្គពិធី នោះមានអ្នកចូលរួមប្រមាណជាង ៧០នាក់ មកពីបណ្តាក្រុមហ៊ុនជាសមាជិករបស់សមាគម បានចូលរួមក្នុងក្នុងគោលបំណង ដើម្បីស្វែងយល់ពីផ្នែក គណនេយ្យ និងពន្ធដារ ឱ្យកាន់តែស៊ីជម្រៅបន្ថែម ក្នុងនោះ ក៏មានការជជែក ពិភាក្សា អំពីសំណួរចម្លើយ ផងដែរ។
លើសពីនេះ ក្នុងអង្គពិធី ក៏មានធ្វើបទបង្ហាញដោយ លោកស្រីបណ្ឌិត ញ៉ឹក ដានី នាយិកា ក្រុមហ៊ុន FUNAN CONSULTING ដែលទាក់ទងទៅនឹង គណនេយ្យ និងពន្ធដារ និងការដាក់របាយការណ៍ទៅកាន់និយ័តករគណនេយ្យ និងសវនកម្ម អាករលើតំលៃបន្ថែម (VAT) & ពន្ធកាត់ទុក (WHT) និងការចុះបញ្ជីតាមប្រព័ន្ធអនឡាញជាដើម។
សូមបញ្ជាក់ថា ជាលទ្ធផលនៃអង្គពិធី «គណនេយ្យ និងពន្ធដារ» មានរយៈពេលជាង ៣ម៉ោង ក្នុងការធ្វើបទបង្ហាញ និងពិភាក្សាអំពីសំណួរចម្លើយ ពិតជាទទួលបានលទ្ធផលជាផ្លែផ្កាគួរជាទីគាប់ចិត្ត និងទទួលបានចំណាប់ច្រើនពីអ្នកចូលរួម៕