សភាកម្ពុជាស្នើប្រទេសវៀតណាមជួយជំរុញអ្នកទេសចរទេសនិងកៀរគរអ្នកវិនិយោគ ចូលកម្ពុជាឱ្យបានកាន់តែច្រើន
ភ្នំពេញ៖សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានស្នើដល់ ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជួយជំរុញនិងលើកទឹកចិត្តអ្នកទេសចរ និងអ្នកវិនិយោគវៀតណាម មកធ្វើទេសចរណ៍នៅព្រះរាជាណាចក្រកម្ពុជា និងបណ្តាក់ទុនវិនិយោគនៅកម្ពុជា ឱ្យបានកាន់ច្រើន។
សម្តេចរដ្ឋសភាធិបតី បានលើកសំណើនេះ នៅក្នុងឱកាសនៃជំនួបសម្តែងការគួរសមជាមួយ លោក វូ វ៉ាន់ធឿង (VO Van Thuong) ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នារសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ នាថ្ងៃទីពីរនៃដំណើរបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា នៅសាធារណរដ្ឋសង្គមនិយមវៀតណាម។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានលើកឡើងថា ទំហំពាណិជ្ជកម្មរវាងប្រទេសទំាងពីរបានកើនឡើងដល់១០ពាន់លានដុល្លារ ដែលជាទំហំមួយគួរជាទីមោទនៈ។ រីឯវិស័យទេសចរណ៍ ប្រជាជនវៀតណាម ស្ថិតនៅអត្រាខ្ពស់ ក្នុងចំណោមអ្នកទេសចរបរទេសដែលបានមកធ្វើទេសចរណ៍នៅកម្ពុជា ប៉ុន្តែដោយសារជំងឺកូវីដ១៩ ចំនួនអ្នកទេសចរវៀតណាមបានធ្លាក់ចុះ។ សម្តេចសង្ឃឹមថា ក្រោយវិបត្តិកូវីដ១៩ ពលរដ្ឋវៀតណាមនឹងវិលត្រឡប់ទៅកម្សាន្តនៅប្រទេសកម្ពុជាវិញ ហើយវិនិយោគទុនក៏នឹងមានការកើនឡើងកាន់តែច្រើនផងដែរ។
ជាមួយគ្នានេះ សម្តេចរដ្ឋសភាធិបតី ក៏បានស្នើដល់ភាគីវៀតណាម ជួយជំរុញនិងពន្លឿនការភ្ជាប់ផ្លូវគមនាគមន៍រវាងប្រទេសទំាងពីរឱ្យបានកាន់តែឆាប់ផងដែរ។
ចំណែក វូ វ៉ាន់ធឿង បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់សម្តេចប្រធានរដ្ឋសភានៅប្រទេសវៀតណាមនាឱកាសនេះ ដែលមិនត្រឹមតែពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរឱ្យកាន់តែរឹងមាំនិងគ្រប់ជ្រុងជ្រោយប៉ុណ្ណោះទេ តែជាផ្នែកសំខាន់នៅក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទំាងពីរឱ្យកាន់តែស៊ីជម្រៅ យូរអង្វែង និងមាននិរន្តរភាព។
លោកបានស្វាគមន៍ការលើកឡើងរបស់សម្តេចប្រធានរដ្ឋសភា និងបានគូសបញ្ជាក់ថា វៀតណាមសង្ឃឹមថានឹងនាំចូលកសិផលពីប្រទេសកម្ពុជាឱ្យបានកាន់តែច្រើន ហើយការទទួលទិញរបស់កម្ពុជាលើផលិតផលឧស្សាហកម្មពីវៀតណាមក៏កើនឡើងផងដែរ។
លោកបានសង្កត់ធ្ងន់ថា ការរីកចម្រើនរវាងប្រទេសទំាងពីរមិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ។
ជាមួយគ្នានោះដែរ វូ វ៉ាន់ធឿង បានជម្រាបសម្តេចរដ្ឋសភាធិបតីថា វៀតណាមបានកំពុងត្រៀមស្វាគមន៍ដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មកកាន់ប្រទេសវៀតណាម នាពេលឆាប់ៗខាងមុខនេះ។ វត្តមានរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅវៀតណាម ត្រូវបានឯកឧត្តមប្រធានរដ្ឋជឿជាក់ថា នឹងមានការពិភាក្សាគ្នាកាន់តែច្រើននិងស៊ីជម្រៅ នៅក្នុងការពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ មានជាអាទិ៍ វិស័យពាណិជ្ជកម្ម និងការតភ្ជាប់ផ្លូវគមនាគមន៍ជាដើមផងដែរ។
សូមជម្រាបថា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមក្នុងរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូឆ្នាំ២០២៣ ក្នុងគោលបំណងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិរវាងប្រទេសទំាងពីរឱ្យកាន់តែរឹងមាំទ្វេឡើង៕